(កំពង់ធំ)៖ លោកស្រី ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា និងជាប្រធានក្រុមការងារ ចុះមូលដ្ឋានស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានថ្លែងថា ស្ត្រីត្រូវតែទន់ភ្លន់ សុភាពរាបសារ តែមិនត្រូវទន់ជ្រាយជាដាច់ខាត។

លោកស្រី ឃួន ឃុនឌី បានថ្លែងក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការជានារីសាលាខេត្តកំពង់ធំថ្ងៃទី២៦ខែកុម្ភ: ឆ្នាំ២០២២ នៅសណ្ឋាគារកំពង់ធំរ៉ូរ៉ាល់ ពិធីនេះមានការអញ្ជើញចូលរួមពីលោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ លោក លោកស្រីអភិបាលរងខេត្ត និងមន្ត្រីរាជការជានារី ប្រមាណជិត៨០នាក់។

លោកស្រីបានបន្តថា ការជួបជុំគ្នានៅពេលនេះមានគោលបំណងប្រារព្ធកម្មវិធី៨មីនាផង និងជាការនឹករំឮកដែលធ្លាប់បម្រើការងារជាមួយគ្នានៅជាមន្ត្រីដូចគ្នាតាំងពីឆ្នាំ១៩៨៦មកម្លេះ ហើយការបម្រើការងារនៅសាលាខេត្តកំពង់ធំ គឺជាកន្លែងផ្តល់ទុនសម្រាប់លោកស្រីនាពេលបច្ចុប្បន្ន។

ក្នុងនោះលោកស្រី បានណែនាំដល់ស្ត្រីទាំងអស់ត្រូវខិតប្រឹងប្រែងធ្វើការងារប្រកបដោយឆន្ទះព្រមទាំងសិក្សាស្វែងយល់ការងារដោយមានគំនិតច្នៃប្រឌិត និងមិនត្រូវដេកចាំព្រេងវាសនានោះទេ។ យើងមានមោទនភាព ដើម្បីពង្រឹងនូវចំណេះដឹងដល់ស្ត្រីយើងហើយជំរុញឱ្យស្ត្រីទាំងអស់ មានភាពក្លាហានមានជំនាញមានចំណេះដឹង ដើម្បីបានចូលរួមគ្រប់សកម្មភាពរបស់សង្គម ទោះបីជាពេលខ្លះនារីរបស់យើង មានការលំបាកក៏ពិតមែនតែថ្នាក់ដឹកនាំបានខិតខំធ្វើយ៉ាងណាឱ្យស្ត្រីមានតួនាទីស្នូល និងសំខាន់បំផុតសម្រាប់សង្គមជាតិឱ្យមានការទទួលខុសត្រូវ។

ជាមួយគ្នានេះ គោលនយោបាយ និងគោលការណ៍របស់គណបក្សប្រជាជនកម្ពុជា ក៏ដូចជារដ្ឋាភិបាលកម្ពុជា ក្នុងការគាំទ្រ និងលើកស្ទួយដល់ស្ត្រីក្នុងជួរគណបក្សក៏ដូចជាស្ត្រីទូទៅ ដើម្បីមានឱកាសកសាង និងបង្ហាញនូវស្នាដៃជូនចំពោះជាតិ។

លោកស្រីបន្តទៀតថា ស្ត្រីត្រូវមានមហិច្ឆិតា និងឆន្ទះដោយពង្រឹងខ្លួនឯងឱ្យមានសមត្ថភាព ទេពកោសល្យដើម្បីក្លាយខ្លួនជាអ្នកដឹកនាំ និងចូលរួមការពារសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមការដឹកនាំដ៏ភ្លឺស្វាងរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រី។

លោកស្រី ឃួន ឃុនឌី បានផ្តាំផ្ញើដល់សមាជិកាទាំងអស់ត្រូវខិតខំបម្រើប្រជាពលរដ្ឋដោយយកចិត្តទុកដាក់ និងទាន់ពេលវេលា ព្រមទាំងថែរក្សាសុខភាពមានអនាម័យ ដោយអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់ក្រសួងសុខាភិបាល៕