(បាត់ដំបង)៖ លោកបណ្ឌិត ហែម ថេង សមាជិកគណៈកម្មាធិកាកណ្តាល គណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារបក្សស្រុកបាណន់ និងជាប្រធានក្រុមការងារបក្សចុះជួយមូលដ្ឋានឃុំភ្នំសំពៅ បានអញ្ជើញប្រកាសបញ្ចូលសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ចំនួន៥៨១នាក់ នៅឃុំភ្នំសំពៅ។

ពិធីនេះ បានធ្វើឡើងនាថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ នេះ ដោយមានការចូលរួមពីអនុប្រធានក្រុមការងារស្រុក ឃុំ ភូមិ សមាជិកថ្មី ដែលទើបគ្រប់អាយុនិ ងបានចុះឈ្មោះបោះឆ្នោតរួចហើយបានចូលរួមផងដែរ។

បន្ទាប់ពីសេចក្តីរាយការណ៍ពីសកម្មភាពការងារ និងលទ្ធផលការងារកន្លងមក ដោយក្រុមការងារបក្សឃុំ ស្រុករួចមក, លោកបណ្ឌិត ហែម ថេង បានថ្លែងថា យោងតាមការណែនាំតាមគោលការណ៍គណបក្សប្រជាជនកម្ពុជា ថ្នាក់កណ្តាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន និងសម្តេចក្រឡាហោម ស ខេង អនុប្រធាន និងជាប្រធានក្រុមការងារ ចុះជួយមូលដ្ឋានខេត្តបាត់ដំបង និងថ្នាក់នាំក្រុមការងារបក្ស ចុះជួយស្រុកបាណន់រួចមក និងដោយឆ្នាំ២០២២នេះ ត្រូវបានឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៤ និងឆ្នាំ២០២៣ បោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត អាណត្តិទី៧ ខាងមុខនេះ។

លោកបណ្ឌិត ហែម ថេង បានឱ្យដឹងថា ថ្ងៃបោះឆ្នោតនឹងខិតជិតមកដល់ខាងមុខនេះ ដូច្នេះ ក្រុមការងារយើងបានខិតខំធ្វើ
កិច្ចការបក្សគ្រប់បែបយ៉ាងបានទាន់ពេលវេលា ជាក់ស្តែងថ្ងៃនេះ បានប្រកាសបញ្ចូលសមាជិកថ្មី ដែលទើបគ្រប់អាយុបោះឆ្នោត និងបានចុះឈ្មោះរួចទាំង ៥៨១នាក់ហើយ ជាកម្លាំងបន្តវេណ និងគាំទ្រព្រមទាំងទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា គាំទ្របក្សប្រជាជនកម្ពុជា ឱ្យបានទទួលបានជោគជ័យជូនបក្សប្រជាជនកម្ពុជា បន្តដឹកនាំប្រទេសជាតិឆ្ពោះទៅរកការកសាង និងអភិវឌ្ឍប្រទេសជាតិមានការរីចម្រើនបន្ថែមទៀត សម្រាប់ទុកជូនក្មេងៗ យុវជនបន្តវេណជំនាន់ក្រោយ ធ្វើការបន្តឱ្យកាន់តែរីកចម្រើនច្រើនជាងបច្ចុប្បន្ន។

ប្រធានក្រុមការងារបានបន្តថា ក្នុងនាមក្រុមការងារបក្សឃុំភ្នំសំពៅ សូមអបអរសាទរដល់ប្អូនៗ ក្មួយៗ ដែលត្រូវបានប្រកាសទទួលស្គាល់ជាផ្លូវការ និងអំពាវនាវឱ្យទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ដើម្បីបានទៅបោះឆ្នោតជូនបក្ស និងទទួលជ័យជមន្នះឱ្យបាន។ បើគ្មានគណបក្សប្រជាជនកម្ពុជា រំដោះប្រទេសជាតិ និងប្រជាជនកម្ពុជា ពីរបបខ្មែរក្រហម បានទាន់ពេលវេលានោះទេ គឺគ្មានអ្វីៗទាំងអស់។

ជាមួយគ្នានេះដែរ លោកបណ្ឌិត ហែម ថេង បានបញ្ជាក់ថា បើគ្មានឥស្សរជន យុទ្ធជនបានតស៊ូរំដោះជាតិមាតិភូមិរហូតបានជោគជ័យ ហើយបានបន្តកសាងផង និងការពារផង ឈានដល់បានសន្តិភាពពេញលេញទេ និងគ្មានការអភិវឌ្ឍជាតិនោះឡើយ។ ម្យ៉ាងទៀតដោយសារគោលនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន បានលះបង់គ្រប់បែបយ៉ាងទើបឈានដល់មានការរីកចម្រើនដល់សព្វថ្ងៃ «អរគុណសន្តិភាព»៕