(ភ្នំពេញ)៖ តបតាមការអញ្ជើញរបស់ លោកបណ្ឌិត មហាំម៉ាត់ ពិនអាប់ឌុលការីម អាល់អ៊ីសា អគ្គលេខាធិការនៃអង្គការសម្ព័ន្ធពិភពឥស្លាម (RABITA) និងជាទីប្រឹក្សារាជទាយាទ មហាំម៉ាត់ ពិន សាល់ម៉ាន ប្រទេសអារ៉ាប៊ីសាអូឌីត លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គការសម្ព័ន្ធពិភពឥស្លាម (RABITA) បានអញ្ជើញចូលរួមអបអរសាទរក្នុងឱកាសដែលលោកអគ្គលេខាធិការ នៃអង្គការ (RABITA) ទទួលសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកច្បាប់ ដែលរៀបចំឡើងដោយសកលវិទ្យាល័យប៉ាតានី ប្រទេសថៃ កាលពីថ្ងៃទី១៨ - ១៩ ខែកុម្ភៈ ឆ្នាំ២០២២ កន្លងទៅ។

ក្នុងឱកាសនោះផងដែរ លោកទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ និងលោកបណ្ឌិត មហាំម៉ាត់ ពិនអាប់ឌុលការីម អាល់អ៊ីសា បានឆ្លៀតពិភាក្សាការងារមួយចំនួនដោយភាពស្និទ្ធស្នាលជាទីបំផុត។

តបតាមការស្នើសុំរបស់ ទេសរដ្ឋមន្ត្រីជាលទ្ធផល លោកអគ្គលេខាធិការរបស់អង្គការ (RABITA) មានចំណាប់អារម្មណ៍ក្នុងការពិនិត្យលទ្ធភាពក្នុងការបើកទីស្នាក់ការជាសាខារបស់អង្គការ RABITA នៅកម្ពុជា។

ជាមួយគ្នានោះ លោកអគ្គលេខាធិការ នៃអង្គការក៏បានទទួលយកការពិនិត្យលើការសាងសង់អគារ នៅមជ្ឈមណ្ឌលឥស្លាមភ្នំពេញ ដែលអាចស្រូបយកចំណូលសម្រាប់ទ្រទ្រង់លើវិស័យផ្សេង។

លោកអគ្គលេខាធិការក៏ទទួលពិនិត្យ និងសិក្សាលើសំណើដើម្បីរៀបចំសាងសង់សារមន្ទីរព្យាការីមូហាំម៉ាត់ នៅផ្នែកណាមួយនៃតំបន់ទេសចរណ៍ ដើម្បីរួមចំណែកស្រូបយកភ្ញៀវទសចរណ៍បណ្តាប្រទេសនានា មកទស្សនា ឬទស្សនកិច្ចនៅកម្ពុជា។ ជាពិសេសទៀតនោះ លោកអគ្គលេខាធិការបានឯកភាពថា នឹងមកធ្វើទស្សនកិច្ចនៅកម្ពុជា នៅចុងខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះផងដែរ។

គួរជម្រាបថា ក្នុងជំនួបពិភាក្សានោះ លោកអគ្គាធិការរបស់អង្គការខាងលើ ក៏មានក្តីសោមនស្សរីករាយ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានធ្វើឲ្យកើតមាននូវសុខដុមនីយកម្មជាតិសាសន៍ និងសាសនា៕