(ព្រះសីហនុ)៖ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២នេះ លោក រ៉ូហ្វី អូស្មាន សមាជិករដ្ឋសភា បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងប្រគល់សម្ភារៈសិក្សាជូនសិស្សានុសិស្សភូមិព្រែកសង្កែ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

កម្មវិធីក៏មានការចូលរួមជាគណៈអធិបតីពីសំណាក់ លោក លោកស្រី សមាជិករដ្ឋសភា រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សារាជរដ្ឋាភិបាល អុីមាំខេត្តព្រះសីហនុ និងអាជ្ញាធរមូលដ្ឋានជាច្រើនរូបផងដែរ។

ក្នុងឱកាសនៃការសំណេះសំណាលខាងលើ លោក រ៉ូហ្វី អូស្មាន បាននាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្ម ពិសេស និងជាប្រធានគណៈចលនាសាសនិកឥស្លាមរបស់គណបក្សប្រជាជនកម្ពុជា ។

លោកបានថ្លែងអំណរគុណដល់តំណាង សមាគមមូលនិធិអាស៊ានដើម្បីការអប់រំ និងការអភិវឌ្ឍន៍ ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ និងផ្តល់ជំនួយជូនប្រជាពលរដ្ឋកម្ពុជាដែលមានជីវភាពខ្វះខាត និងរងផលប៉ះពាល់ដោយជំងឺកូវីដ ដោយមិនប្រកាន់ជាតិសាសន៍ និងសាសនានោះឡើយ។

លោកបានលើកឡើងនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះសហគមន៍ឥស្លាមកម្ពុជា និងបានថ្លែងអំណរគុណដល់ប្រមុខរាជរដ្ឋាភិបាល ដែលក្នុងពេលថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានរៀបចំឲ្យមានយ៉ាងហោចណាស់អភិបាល អភិបាលរងស្រុក-ខណ្ឌ និងអភិបាលរងខេត្តម្នាក់ ដែលមានសម្ថភាព សម្រាប់មូលដ្ឋានដែលមានសាសនិកឥស្លាមរស់នៅច្រេីន ដើម្បីភាពងាយស្រួលទំនាក់ទំនងក្នុងសហគមន៍ និងសុខដុមរមណីសាសនា។

លោកបានបន្តលើកឡើងថា កម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឲ្យប្រទេសជាតិមានការរីកចម្រើន មានសុខសុន្តិភាព និងមានការអភិវឌ្ឍលើគ្រប់វិស័យ។

លោក រ៉ូហ្វី អូស្មាន ក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋឲ្យបន្តគាំទ្ររាជរដ្ឋាភិបាល ដើម្បីទទួលបាននូវម្លប់សុខ សន្តិភាព និងការអភិវឌ្ឍន៍សម្រាប់ប្រទេសជាតិបន្ថែមទៀត លោកបានកើនរំលឹកដល់ប្រជាពលរដ្ឋឲ្យបន្តធ្វើយ៉ាងណាត្រូវចេះការពារខ្លួន ដោយអនុវត្តវិធានរបស់ក្រសួងសុខាភិបាល ដើម្បីជៀសផុតពីជំងឺគ្រប់ប្រភេទ ជាពិសេសជំងឺកូវីដ១៩។

គួរជម្រាបថា សម្ភារដែលបានចែកជូនសិស្សានុសិស្សមាន កុំព្យូទ័រ១០គ្រឿង, សម្ភារសិក្សា មានកាបូប សំលៀកបំពាក់ សៀវភៅ សម្រាប់សិស្ស ២៥០នាក់ និងបានប្រគល់អណ្តូងទឹកស្អាតចំនួន ៧៨អណ្ដូង ក្នុងនោះអណ្តូងខ្នាតធំ មាន០៣ រួមទាំងអាងចម្រោះទឹក, អណ្តូងខ្នាតតូច ៧៥អណ្តូង៕