(ភ្នំពេញ)៖ ជាទស្សននៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២នេះ លោក ហ្សង់ ហ្វ្រង់ស័រ តាន់ អគ្គនាយកវិទ្យុបារាំងអន្តរជាតិ ផ្នែកខេមរភាសា និងជាអ្នកជំនាញភូមិសាស្ត្រអន្តរជាតិ បានលើកឡើងថា នៅអ៊ុយក្រែនសព្វថ្ងៃ ពូទីន ត្រូវបញ្ចប់សង្គ្រាមឱ្យបានលឿនរហ័ស បើទោះបីជាមិនសម្រេចគោលដៅក៏ដោយ។

តាមបណ្តាញសង្គមហ្វេសបុក ហ្សង់ ហ្វ្រង់ស័រ តាន់ បានលើកឡើងនូវទស្សនៈរបស់អតីតប្រធានាធិបតីអាមេរិកម្នាក់ នោះ គឺលោក ចន ខេនឺឌី។ លោកលើកឡើងថា៖ «Mankind must put an end to war before war puts an end to mankind » John.F Kennedy« មនុស្សជាតិត្រូវបញ្ចប់សង្គ្រាម មុននឹងសង្គ្រាមបញ្ចប់មនុស្សជាតិ»

លោកថា Kennedy ថ្លែងពាក្យមួយឃ្លានេះក្នុងខែកញ្ញា១៩៦១ នៅអង្គការសហប្រជាជាតិ។ ប្រធានាធិបតីអាមេរិករូបនេះ កាលសម័យនោះ ចង់និយាយពីសង្គ្រាមនុយក្លេអ៊ែរ។ មួយឆ្នាំក្រោយមក នៅខែតុលា ១៩៦២ ពិភពលោកប៊ិះតែផ្ទុះសង្គ្រាមនុយក្លេអ៊ែរ រវាងអាមេរិកនិងសូវៀត នៅក្នុងវិបត្តិមីស៊ីលកុយបា (Cuban Missile Crisis)…

«នៅអ៊ុយក្រែនសព្វថ្ងៃ ពូទីនត្រូវបញ្ចប់សង្គ្រាមឱ្យបានលឿនរហ័ស បើទោះបីជាមិនសម្រេចគោលដៅក៏ដោយ និង ទោះបីជាមិនសម្រេចជោគជ័យក៏ដោយ»

អ្នកវិភាគរូបនេះ បានបញ្ជាក់ថា ក្នុងពេលបច្ចប្បន្ន អូតង់ (NATO) នឹងមិនជួយអ៊ុយក្រែនទេ ពីព្រោះអ៊ុយក្រែនមិនមែនជាសមាជិកអូតង់ ពីព្រោះរុស្ស៉ីជាមហាអំណាចនុយក្លេអ៊ែរ និងពីព្រោះសមាជិកអូតង់មួយចំនួន (អាមេរិក បារាំង)ជាមហាអំណាចនុយក្លេអ៊ែរ…ក៏ប៉ុន្តែបើសង្គ្រាមអូសបន្លាយក្នុងកំហឹង និងការសងសឹក រហូតដល់បណ្តាលឱ្យមានការកាប់សម្លាប់រង្គាលដូចនៅអតីតយូហ្គោស្លាវីសម័យទសវត្សរ៍ ១៩៩០ ឬបើសង្គ្រាមរីករាលដាលដល់បណ្តាប្រទេសជិតខាងដែលជាសមាជិកអូតង់ នៅពេលនោះ អ្វីៗដែលម្នាក់ៗនឹកស្មានមិនដល់ នឹងអាចកើតឡើង។

លោកបន្ថែមថា ចូរកុំភ្លេចថា សង្គ្រាមលោកលើកទី១ និងសង្គ្រាមលោកលើកទី២ សុទ្ធតែផ្ទុះឡើង នៅអឺរ៉ុប មុននឹងរីករាលដាលពេញពិភពលោក៕