(ព្រះសីហនុ)៖ លោក កៅ ខុនដារ៉ា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ តំណាងគ្រួសារសពមហាឧបាសក កៅ ខេង ថ្លែងអំណរគុណដល់សម្តេច ឯកឧត្ដម លោកជំទាវ លោកលោកស្រី ដែលបានចូលរួមពិធីបុណ្យបញ្ចុះសពមហាឧបាសក កៅ ខេង ដែលបានមរណកាលក្នុងជន្មាយុ១០៤ឆ្នាំ ដោយជរាពាធ។

នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ លោក កៅ ខុនដារ៉ា និងក្រុមគ្រួសារសពមហាឧបាសក កៅ ខេង បានប្រារព្ធពិធីបុណ្យបញ្ចុះសពមហាឧបាសក កៅ ខេង។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកស្រីដោយមានការអញ្ជេីញចូលរួមពីឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន លោក លោកស្រី ជាថ្នាក់ដឹកនាំពីស្ថាប័ននីតិបញ្ញត្តិ និតិប្រតិបត្តិ និងតុលាការ រដ្ឋបាលថ្នាក់ក្រោមជាតិ និងឧកញ៉ា អ្នកឧកញ៉ា។

ក្នុងវិយោគកថា ដែលអានដោយលោក ខៀវ កញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោកតាមហាឧបាសក កៅ ខេង ត្រូវជាឪពុកឯកឧត្តម កៅ ខុនដារ៉ា ធ្លាប់បានបម្រេីការងារជាបាឡាត់ខេត្តកំពត មន្រ្តីជាន់ខ្ពស់នៅក្រសួងការបរទេស ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមេគយកំពង់ផែភ្នំពេញ ខេត្តកណ្តាល ពោធិ៍សាត់ កោះកុង ស្វាយរៀង និងក្រុងភ្នំពេញ។

ក្រៅពីបំពេញការងារជាមន្រ្តីដ៏ល្អរបស់ជាតិ លោកតាមហាឧបាសក កៅ ខេង ជាឪពុុក ជាជីតាដ៏ល្អប្រកាន់ខ្ជាប់ដោយព្រហ្មវិហារធម៌ជាម្លប់ដ៏ត្រជាក់ដល់កូនចៅគ្រប់ៗរូប។

លោក កៅ ខុនដារ៉ា តំណាងគ្រួសារសពមហាឧបាសក កៅ ខេង ថ្លែងអំណរគុណដល់សម្តេច លោក លោកស្រី និងសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិក្នុងលោក ទេវតាឆ្នាំថ្មី សូមប្រោសប្រទានពរជ័យជូន ថ្នាក់ដឹកនាំ និងភ្ញៀវកិត្តិយសអ្នកចូលរួមទាំងអស់សូមបានសមប្រកបដោយពុទ្ធពរ និងពរទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាតឡើយ៕