(ភ្នំពេញ)៖ Summary Lead និង Single-item Lead គឺជាប្រភេទ Lead ២ផ្សេងគ្នា ដែលគេតែងតែយកមកប្រើប្រាស់ នៅក្នុងអត្ថបទដំណឹងរបស់សារព័ត៌មាននានា។

វិធីសាស្រ្តនៃការប្រើប្រាស់តម្រុយ Lead ទាំង២នេះ ត្រូវបានយកមកពិភាក្សាយ៉ាងលម្អិតដោយ លោក ម៉ារ យ៉ារិទ្ធ នៅក្នុងវគ្គសិក្សា មជ្ឈមណ្ឌលបណ្តុះបណ្តាលព័ត៌មាន Fresh News ក្នុងសប្តាហ៍ទី៤ នាថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២នេះ។

បើតាម លោក ម៉ារ យ៉ារិទ្ធ, Summary Lead គឺជាប្រភេទសម្រុយ Lead មួយដែលប្រើប្រាស់ 5Wh’s ទាំងអស់ នៅក្នុងល្បះតែមួយ ឬ 5Wh’s ទាំងអស់នៅក្នុង Lead តែម្ដង ដែលអាចធ្វើឲ្យអ្នកអានអាចដឹងអំពីខ្លឹមសារនៃព័ត៌មានទាំងស្រុង នៅក្នុង Lead ដោយមិនចាំបាច់អានដល់ចប់ក៏បាន។

ចំណែក Single-item Lead គឺជាសម្រុយ Lead ដែលអ្នកសរសេរបានជ្រើសរើសចំណុចសំខាន់ណាមួយនៃព័ត៌មាន យកមកចាប់ជាចំណុចផ្ដើមនៃសាច់រឿង ដែលនាំឲ្យមានការទាក់ទាញចំណាប់អារម្មណ៍អ្នកអានកាន់តែខ្លាំង។ សម្រាប់ព័ត៌មានបន្ទាប់ផ្សេងទៀតនៃសាច់រឿងគឺត្រូវបានយកមកបង្ហាញនៅក្នុងតួសេចក្ដី ឬហៅថា Body នៃព័ត៌មាន។

ការសិក្សាពីមេរៀនកាន់តែស៊ីជម្រៅ បានធ្វើឲ្យសិក្ខាកាមនៅក្នុងថ្នាក់សិក្សាកាន់តែជក់ចិត្តដិតអារម្មណ៍ ហើយថ្នាក់បណ្ដុះបណ្ដាលនៃ FTC វគ្គ២ ចាប់ពីសប្ដាហ៍ទី១ ដល់ទី៤នេះ បានដំណើរការយ៉ាងរលូន បើទោះបីជាស្ថិតនៅក្នុងបរិបទនៃជំងឺកូវីដ១៩ ឬការរីកសាយភាយនៃអូមីក្រុងក៏ដោយ។ យ៉ាងណាមិញថ្នាក់សិក្សារបស់ FTC មិនភ្លេចឡើយនូវការអនុវត្តនូវវិធានការសុខាភិបាល រួមមានការពាក់ម៉ាស់ វាស់កម្ដៅមុនចូលរៀន និងរក្សាគម្លាតសុវត្ថិភាពជាដើម៕

សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលថ្មី អំពីរបៀបសរសេរព័ត៌មាន នៅ FTC នឹងមានរយៈពេល៣ខែ ដែលនឹងសិក្សាអំពីរបៀបសរសេរព័ត៌មានដំណឹង (Spot News), បទយកការណ៍ (News Feature) និងបទពិពណ៌នា ឬអត្ថបទកម្សាន្ត (Feature Story) ជាដើម។ អ្វីដែលពិសេសជាមួយវគ្គសិក្សានេះ គឺសម្រាប់សិក្ខាកាមដែលឆ្នើម មានទេពកោសលល្អ នឹងត្រូវអនុញ្ញាតឱ្យបន្តហាត់ការណ៍បន្ថែមជាមួយអង្គភាពព័ត៌មាន Fresh News ផងដែរ។

«FTC» ជាផ្នែកមួយរបស់អង្គភាពព័ត៌មាន Fresh News ដែលត្រូវបានបង្កើតឡើងនៅខែកញ្ញា ឆ្នាំ២០២១ ក្រោមគំនិតផ្ដួចផ្ដើមរបស់ លោក លឹម ជាវុត្ថា ដែលស្ថាបនិក និងជាអគ្គនាយកនៃអង្គភាពព័ត៌មាន Fresh News និងមានលោក ម៉ារ យ៉ារិទ្ធ ជាប្រធាន ដែលលោកមានបទពិសោធន៍ក្នុងវិស័យសារព័ត៌មានជាង៣០ឆ្នាំមកហើយ។ លោកធ្លាប់ជាភ្នាក់ងារសារព័ត៌មានបរទេសល្បីៗជាច្រើនដូចជា UPI, AP និង VOA ជាដើម។

លោកក៏ជាអតីតនិស្សិតខ្មែរ ដែលបានសិក្សាវិស័យវិជ្ជាជីវៈសារព័ត៌មានក្នុង សកលវិទ្យាល័យមីឈីហ្គែន University of Michigan និងសកលវិទ្យាល័យមែរីលែន University of Maryland ក្នុងសហរដ្ឋអាមេរិកផងដែរ៕

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖
១៖ លោក ពេជ្រ ប៊ុនសាយ អគ្គនាយករងអង្គភាពព័ត៌មាន Fresh News និងជាអនុប្រធានប្រចាំការ FTC ទូរស័ព្ទ និង Telegram លេខ៖ 089 960 090
២៖ កញ្ញា ថាន រស្មី ប្រធានផ្នែកទំនាក់ទំនងសាធារណៈតាមរយៈលេខទូរស័ព្ទ ឬ Telegram ៖ 092 322 334