(កំពង់ស្ពឺ)៖ លោក ហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ មកពីគណបក្សប្រជាកម្ពុជា បានថ្លែងថា៖ «ដំបូន្មានរបស់ចាស់ទុំ ប្រៀបដូចជាទឹកអម្រិត»

លោកថ្លែងបែបនេះ ក្នុងកម្មវិធីសំណេះសំណាលជាមួយរចនាសម្ព័ន្ធគណៈចលនាមហាជនខេត្តកំពង់ស្ពឺ នារសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២។

ខ្លឹមសារនេះក៏ត្រូវបានរំលេចឡើងស្របពេលដែល លោក ហ៊ុន ម៉ានី រំលឹកពីបទពិសោធន៍ផ្ទាល់ក្នុងការបំពេញការងារជាមួយអ៊ំ ពូ មីង ជាកម្មាភិបាលគណបក្សប្រជាជនក្នុងមូលដ្ឋាន ខេត្តកំពង់ស្ពឺផងដែរ។

ទន្ទឹមនេះ តំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ ក៏បានសង្កត់ធ្ងន់ចំពោះអត្ថន័យនៃប្រយោគខាងលើ ដោយផ្សារភ្ជាប់ទៅនឹងមេរៀនដែលលោកទទួលបានក្នុងនាមជាកម្មាភិបាលវ័យក្មេងរបស់គណបក្សប្រជាជនមួយរូប។

លោកសង្កត់ធ្ងន់ថា៖ «ដោយមានការអប់រំ បណ្តុះបណ្តាល ណែនាំពីប្រមុខថ្នាក់ដឹកនាំ កម្មាភិបាលវ័យក្មេងរបស់គណបក្សប្រជាជនទាំងអស់ បានយល់ច្បាស់ពីគុណតម្លៃនៃការចេះគោរពចាស់ទុំ និងការរួមបំពេញការងារជាមួយគ្នាដោយមិនមានប្រកាន់វ័យ»