(ព្រះវិហារ)៖ គណបក្សប្រជាជនកម្ពុជា ខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានរៀបចំសន្និបាតបូកសរុបសភាពការណ៍ទូទៅ និងការងារគណបក្ស ឆ្នាំ២០២១ និងលើកទិសដៅភារកិច្ចឆ្នាំ២០២២ របស់គណបក្ស ក្រោមវត្តមានលោក មាស សុភា សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល និងជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះមូលដ្ឋានខេត្តព្រះវិហារ។

សន្និបាតនេះ មានការចូលរួមពីលោក សួស យ៉ារ៉ា សមាជិកគណៈកម្មាធិការកណ្ដាល អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តព្រះវិហារ និងជាអ្នកតំណាងរាស្ត្រ មណ្ឌលខេត្តព្រះវិហារ, លោក ប្រាក់ សុវណ្ណ ប្រធានគណៈកម្មាធិការគណបក្សខេត្ត និងលោក លោកស្រី ជាសមាជិកគណៈកម្មាធិការគណបក្សថ្នាក់កណ្តាល ថ្នាក់ខេត្ត ថ្នាក់ស្រុក ថ្នាក់ក្រុង ឃុំ សង្កាត់ ជាច្រើនរូប។

ថ្លែងក្នុងឱកាសនេះដែរ លោក មាស សុភាព ក៏បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើរសាកសួរសុខទុក្ខដោយក្តីនឹករលឹក ពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចជាកាលសម្តេចទាំងទ្វេរតែងគិតគូរយកចិត្តទុកដាក់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋ នៅគ្រប់ពេលវេលា គ្រប់ទីកន្លែង។

លោក មាស សុភា បានថ្លែងកោតសរសើចំពោះការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ គណបក្សគ្រប់លំដាប់ថ្នាក់ និងបានណែនាំឲ្យបន្តពង្រឹងអង្គការចាត់តាំងគណបក្សឱ្យកាន់តែល្អប្រសើ និងសុក្រិត ពង្រឹងរបៀបរបបធ្វើការងារ ពង្រឹងកិច្ចសហប្រតិបត្តការ ជាមួយក្រុមការងារ ប្រកបដោយភាពសាមគ្គី និងគោលការឯកភាពផ្ទៃក្នុង។ ជំរុញឱ្យមានការទំនាក់ទំនង និងការកសាងសម្ថភាព បង្កើតទំនុកចិត្ត និងអប់រំលើកទឹកចិត្តប្រជាពលរដ្ឋឱ្យយល់កាន់តែច្បាស់ពីគោលការណ៍ដឹកនាំរបស់គណបក្សប្រជាជន និងទិដ្ឋភាពអភិវឌ្ឍន៍ នៃប្រទេសកម្ពុជាបច្ចុប្បន្ន រួមមានសន្តិសុខ និងសណ្ដាប់ធ្នាប់សង្គម។

លោក មាស សុភា បានថ្លែងយ៉ាងដូច្នេះថា «ប្រទេសយើងកំពុងស្ថិតក្នុងបរិបទជំងឺកូវីដ១៩ ពិសេសមេរោគបំប្លែងថ្មីអូមីក្រុង ដែលជាជំងឺឆ្លងយ៉ាងឆាប់រហ័ស យើងត្រូវរស់ក្នុងរបៀបតាមគន្លងថ្មី បើទោះបីបានចាក់វ៉ាក់សាំងការពាររួចរាល់ហើយក្តី ក៏កុំភ្លេចខ្លួន និងមានការធ្វេសប្រហែស ហើយត្រូវបន្តចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការនានារបស់ក្រសួងសុខាភិបាល និងវិធានការការពារ «៣ការពារ និង៣កុំ» របស់សម្តេចតេជោ ហ៊ុន សែន ដើម្បីកាត់ផ្តាច់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នៅក្នុងសហគមន៍ និងប្រទេសរបស់យើង»

នៅក្នុងកិច្ចប្រជុំនាពេលនេះ លោក មាស សុភា ក៏បានផ្សព្វផ្សាយនូវខ្លឹមសារនៃរបាយការណ៍ ស្តីពីសភាពការណ៍ទូទៅ និងការងារគណបក្សឆ្នាំ២០២១ និងទិសដៅអនុវត្តបន្ត ឆ្នាំ២០២២ របស់គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា។ ដោយបានក្រើនរំឮកដល់អាជ្ញាធរ ត្រូវយកចិត្តទុកដាក់សហការផ្តោតទៅលើកិច្ចការសំខាន់ៗ មួយចំនួនរួមមាន៖

*បន្តពង្រឹងគណៈកម្មាធិការគណបក្សនិងស្ថាប័នជំនួនការគ្រប់ថ្នាក់ គ្រប់ផ្នែក ឲ្យមានទំនួលខុសត្រូវច្បាស់លាស់ក្នុងតួនាទីភារកិច្ច របៀបរបបការងារ ការប្រជុំជីវភាពឲ្យបានទៀងទាត់ ផ្សារភ្ជាប់ជិតស្និតជាមួយសមាជិកគណបក្សនិងមហាជន។ផ្សព្វផ្សាយបំពាក់បំប៉នការងារចាត់តាំង កសាងគណបក្ស កសាងជួរមន្ត្រីវ័យក្មេង មន្ត្រីប្រចាំការនៅស្នាក់ការគណបក្សនិងគិតគូរផ្តល់របបឧបត្ថម្ភសមរម្យ។
*ក្រុមការងារយុវជនគណបក្ស ត្រូវធ្វើជាសេនាធិការឱ្យគណៈកម្មាធិការគណបក្សគ្រប់ថ្នាក់ ក្នុងការងារ បំផុសចលនាយុវជនឱ្យគាំទ្របុព្វហេតុដ៏ត្រឹមត្រូវរបស់គណបក្ស ក្នុងនោះត្រូវយកចិត្តទុកដាក់ពង្រឹងក្រុមការងារ គេហទំព័រ និងបញ្ចេញទំនាក់ទំនងសង្គម គណបក្ស ដោយប្រមូលព័ត៌មាន និងខ្លឹមសារ រូបភាពល្អ បម្រើឱ្យភារកិច្ច នយោបាយរបស់គណបក្ស និងវាយបកទៅលើការឃោសនាអកុសល់ របស់ក្រុមប្រឆាំង និងមជ្ឈដ្ឋានអគតិ ទាំងក្នុង និងក្រៅប្រទេស។

*មន្ត្រីគណបក្សដែលជាថ្នាក់ដឹកនាំអង្គភាពសាធារណៈគ្រប់ថ្នាក់ ត្រូវបន្តលើកកម្ពស់អភិបាលកិច្ចល្អ នៅផ្ទៃក្នុង ជៀសវាងបាតុភាពអសកម្មផ្សេងៗ ដែលជះឥទ្ធិពលមិនល្អដល់សាមគ្គីភាព ឯកភាពផ្ទៃក្នុងគណបក្ស បាត់ជំនឿទុកចិត្តរបស់មហាជនលើការដឹកនាំរបស់គណបក្ស ធ្វើឱ្យបាត់សន្លឹកឆ្នោតគាំទ្រដោយសារតែបាតុភាព"ខឹងគោវាយរទះ"។

*ត្រូវតម្កល់ស្មារតីអនុវត្តបាវចនាទាំងពីរគឺ៖ "បន្តតែទម្រង់ផ្ទៃក្នុង និងបង្កើនទំនាក់ទំនងខាង។ ក្រៅដោយស្មារតីឯករាជ្យ និងក្រមទាំង៥ គឺ៖ ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និងវះកាត់” ដោយកំណត់ ចំណុចណាខ្លះត្រូវខិតខំកែលម្អដោយខ្លួនឯង ដើម្បីជៀសផុតពីទោសទណ្ឌ ជាយថាហេតុ ។

*ការបន្តត្រៀមគ្រប់កិច្ចការ ដែលទាក់ទងដល់ការបោះឆ្នោតតាមគោលការណ៍ណែនាំរបស់គណៈ អចិន្ត្រៃយ៍ និងតាមច្បាប់បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត។ ថ្នាក់ដឹកនាំគណបក្ស និងក្រុមការងារគណបក្ស គ្រប់ថ្នាក់ ព្រមទាំងមន្ត្រីគណបក្សគ្រប់រូបរួមគ្នាជួយគាំទ្រយ៉ាងសកម្មដល់គ្រប់ ឃុំ សង្កាត់ ដែលខ្លួនទទួលបន្ទុកឱ្យរក្សា និងបង្កើនបាននូវប្រៀបឈ្នះនៅទូទាំងប្រទេស។

*ការបន្តពង្រឹង ការគ្រប់គ្រង និងចាត់ចែងប្រើប្រាស់ថវិកា និងទ្រព្យសម្បត្តិរបស់គណបក្សប្រកបដោយ ប្រសិទ្ធភាព និងនិរន្តរភាព ដោយខិតខំរកចំណូលពីគ្រប់ប្រភពស្របច្បាប់ ដើម្បីទ្រទ្រង់ដំណើរការប្រក្រតីនៃក្បាល ម៉ាស៊ីនគណបក្សគ្រប់ថ្នាក់ និងបម្រើសំណូមពរនៃការបោះឆ្នោត៕