(កណ្តាល)៖ លោកបណ្ឌិត កៅ ថាច ប្រធានក្រុមជនបង្គោលយុវជនគណបក្សប្រជាជនកម្ពុជា ស្រុកខ្សាច់កណ្តាល តំណាងអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានគណៈអចិន្ត្រៃយ៍ក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុកខ្សាច់កណ្តាល ល្វាឯម និងស្រុកកៀនស្វាយ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានអញ្ជើញប្រកាសបញ្ជូលសមាជិកថ្មី គណបក្សប្រជាជនកម្ពុជា ៨៣៣នាក់មកពីឃុំចំនួន៦នៃស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

ពិធីប្រកាសបញ្ចូលសមាជិកថ្មី គណបក្សប្រជាជនកម្ពុជាចំនួន៨៣៣នាក់នេះ រៀបចំឡើងនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកខ្សាច់កណ្តាល ដោយចែកជាវេនដោយសមាជិកថ្មីនេះមកពីឃុំសន្លុង និងឃុំវិហារសួគ៍ ចំនួន៤៥៣នាក់ រៀបចំនៅពេលព្រឹក និងមកពីឃុំតាឯក ឃុំកោះចូរ៉ាម និងឃុំស្វាយរមៀត និងឃុំព្រះប្រសប់ សរុបចំនួន៣៨០នាក់ រៀបចំនៅពេលរសៀល។

បន្ទាប់ពីបានស្តាប់របាយការណ៍ស្វាគមន៍ និងការប្តេជ្ញាចិត្តពីតំណាងប្អូនៗជាយុវជន បណ្ឌិត កៅ ថាច បានសំដែងនូវអំណរសាទរ ជូនដល់ប្អូនៗ និងបានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ជូនដល់ប្អូនៗ ដែលទទួលបានសេចក្តីទុកចិត្តពីគណបក្សស្រុក ធ្វើការបញ្ចូលជាសមាជិកបក្សគណបក្សប្រជាជនពេញសិទ្ធិ នៅថ្ងៃនេះ។

ដើម្បីជាទុនទុកជាមូលដ្ឋានជូនដល់ប្អូនៗ បណ្ឌិត កៅ ថាច បានធ្វើការណែនាំការងារដែលជាករណីកិច្ច និងកាតព្វកិច្ចដែលត្រូវបំពេញក្នុងនាមជាយុវជន និងជាសមាជិកគណបក្សប្រជាជនកម្ពុជា និងបានលើយកប្រវត្តិសាស្ត្រដែលប្រទេសកម្ពុជាបានឆ្លងកាត់ ដោយធ្វើការឆ្លុះបញ្ចាំង និងប្រៀបធៀបនូវសម័យកាលនីមួយៗ ដែលប្រទេសកម្ពុជា បានហែលឆ្លងកាត់រួចមកហើយ ជាពិសេស ក្នុងរបបបីឆ្នាំប្រាំបីខែម្ភៃថ្ងៃ។

លោកបណ្ឌិតបានលើកយកគ្រោះមហន្តរាយ និងផលវិបាកនៃសង្គ្រាម មកធ្វើការពន្យល់ជូនដល់ប្អូនៗ ឲ្យចេះធ្វើការពិចារណាពីផលវិបាក និងលើកទឹកចិត្ត អោយប្អូនៗ ស្រឡាញ់សន្តិភាព និងបន្តចូលរួមថែរក្សាសន្តិភាពជាមួយគណបក្សប្រជាជនកម្ពុជា និងជាមួយរាជរដ្ឋាភិបាលកម្ពុជា។

លោកបានលើកយកគោលនយោបាយ ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ដែលបានដាក់ចេញដោយគណបក្សប្រជាជនកម្ពុជា មកធ្វើការពន្យល់បំពេញបន្ថែម ដើម្បីទុកជាចំណេះដឹងជូនដល់ប្អូនៗ និងលើកយកនូវសមិទ្ធិផលនានា សម្រេចបានរបស់រាជរដ្ឋាភិបាលកម្ពុជា ធ្វើការជម្រាបជូនដល់ប្អូនៗ និងជាពិសេសកិច្ចខិតខំប្រឹងប្រែងទប់ស្កាត់ការរីរាលដាលនៃជំងឺកូវីដ ១៩ របស់រាជរដ្ឋាភិបាលកម្ពុជា និងការសម្រេចបានលទ្ធផល នៃការចាក់វ៉ាក់សាំងទាំងដុសមូលដ្ឋាន និងដុសជម្រុញជូនដល់ប្រជាជនកម្ពុជា ទូទាំងប្រទេស។

លោកបណ្ឌិតបានលើកទឹកចិត្ត និងជំរុញអោយប្អូនៗ ស្រឡាញ់គណបក្ស និងបន្តចូលរួមគ្រប់សកម្មភាពរបស់គណបក្សប្រជាជនកម្ពុជា នៅក្នុងមូលដ្ឋាន និងចូលរួមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដោយប្រកាន់ខ្ជាប់ នូវគោលការណ៍ «សមាជិកម្នាក់ សន្លឹកឆ្នោតមួយសន្លឹកជូនគណបក្ស»។

លោកបណ្ឌិត បានផ្តាំផ្ញើដល់ប្អូនៗត្រូវបន្តចូលរួមថែរក្សាបរិស្ថាន និងចូលរួមអនុវត្តការដាំដើមឈើមួយនាក់ អោយបានមួយដើមដើម្បីបរិស្ថានស្អាត និងមានសុខមាលភាពល្អដល់សហគមន៍។

យកឱកាសនោះ លោក កៅ ថាច ឧបត្ថម្ភនូវថវិការបស់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ជូនដល់គណបក្សស្រុក ដើម្បីរៀបចំកម្មវិធី និងជូនដល់ប្អូនយុវជនដែលទើបប្រកាសបញ្ចូលថ្មីផងដែរ៕