(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានប្រកាសនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២នេះថា ចាប់ពីថ្ងៃទី២៨ កុម្ភៈ ឆ្នាំ២០២២តទៅ បុគ្គលម្នាក់អាចស្នើសុំទិញឱសថព្យាបាលកូវីដ១៩ ម៉ូលណាទ្រីស (Molnupiravir) ពី ១ ប្រអប់ដល់៥ប្រអប់ ហើយមន្ទីរពេទ្យឯកជន គ្លីនិក ឱសថស្ថាន ឱសថស្ថានរងអាចស្នើសុំទិញពី១ប្រអប់ដល់៥០ ប្រអប់។

ក្រសួងបានបញ្ជាក់ថា ដើម្បីទិញថ្នាំនេះនៅទីស្តីការក្រសួងប្រៃសណីយ៍ ប្រជាពលរដ្ឋត្រូវភ្ជាប់ជាមួយនូវអត្តសញ្ញាណបណ្ណផ្ទាល់ខ្លួន, សូមភ្ជាប់លិខិតអនុញ្ញាតបើកអាជីវកម្ម (សម្រាប់មន្ទីរពេទ្យឯកជន គ្លីនិកឱសថស្ថាន ឱសថស្ថានរង) និងសូមទូទាត់ប្រាក់តាមធនាគារ ABA ដោយផ្ទាល់នៅបញ្ជរ។

សម្រាប់ការបញ្ជាទិញសារជាថ្មី អាចធ្វើឡើងបានយ៉ាងតិច ៧ថ្ងៃក្រោយបញ្ជាទិញលើកចុងក្រោយ៕