(បរទេស)៖ YouTube បានរាំខ្ទប់មាតិកាក៏ដូចជា YouTube Channel របស់សារព័ត៌មានរុស្ស៊ីជាច្រើន រួមទាំងសារព័ត៌មាន RT ដែលមិនអនុញ្ញាតឱ្យអាចបើកមើលបាន នៅតាមបណ្ដាញប្រទេសមួយចំនួននៅតំបន់អឺរ៉ុប ដែលសកម្មភាពមួយនេះវាស្រដៀងគ្នាទៅនឹងក្រុមហ៊ុន Meta ដែលបានបិទ ឬរាំងខ្ទប់មាតិកានៅលើ Facebook ផងដែរ បន្ទាប់ពីរុស្ស៊ីបានវាយប្រហារមកលើប្រទេសអ៊ុយក្រែន។

យោងតាមការចេញផ្សាយរបស់គេហទំព័រ ARAB NEWS នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា YouTube ដែលមាន Google ជាមេធំ បានទប់ស្កាត់វីដេអូជាច្រើនពី RT Channel ដោយក្នុងនោះ អ្នកប្រើប្រាស់មិនអាចមើលវីដេអូនៅក្នុង Channel មួយនេះបានទេ សម្រាប់ប្រទេសប៉ូឡូញ និងឡាតវី ហើយបើតាមសេចក្ដីរាយការណ៍ក៏គឺមិនមែនមានតែប្រទេសចំនួនពីរនេះទេ ដែលមិនអាចបើកបាននោះគឹនៅមានតំបន់មួយចំនួនទៀតក៏មិនអាចបើកបានដូចគ្នា។

នៅថ្ងៃអាទិត្យម្សិលមិញនេះ សហភាពអឺរ៉ុបបានយល់ព្រមហាមឃាត់រាល់មាតិកាទាំងឡាយដែលចេញផ្សាយដោយ សារព័ត៌មាន RT និង Sputnik សម្រាប់បណ្ដាប្រទេសនៅក្នុងតំបន់អឺរ៉ុប៕