(ភ្នំពេញ)៖ បញ្ហាខ្សែភ្លើងរត់កាត់ចន្លោះតាមព្រំផ្ទះនិមួយៗ ដែលអាចឆ្លងចរន្ដអគ្គិសនីបង្កជាអគ្គិភ័យ និងហានិភ័យផ្សេង និងបញ្ហាដាច់អំពូលភ្លើងបង្កជាងងិត នៅតាមណ្តោយផ្លូវមុខសាលាគរុកោសល្យរាជធានីភ្នំពេញ ជាមួយបញ្ហាកកស្ទះប្រព័ន្ធលូបង្ហូរទឹក១ខ្សែ ដែលមានប្រវែង ៥០០ម៉ែត្រ ក៏ត្រូវបានដោះស្រាយបញ្ចប់រួចរាល់ជាស្ថាពរ ជូនដល់ប្រជាពលរដ្ឋ ដោយកម្លាំង និងមធ្យោបាយក្រុមការងារមន្ត្រីរដ្ឋបាលខណ្ឌទួលគោក សហការជាមួយមន្ត្រីសាធារណការ និងដឹកជញ្ជូន រដ្ឋបាលរាជធានីភ្នំពេញ។

សកម្មភាពចុះរកដំណោះស្រាយផ្សេងៗ ដែលដឹកនាំដោយលោក ជា ពិសី ជាមួយមន្ត្រីក្រោមឱវាទ និងមន្ត្រីសាធារណៈការ និងដឹកជញ្ជូនរដ្ឋបាលរាជធានីភ្នំពេញ នេះបានអនុវត្តឡើង ក្រោយពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ទទួលបានសំណូមពរឱ្យជួយដោះស្រាយ ពីសំណាក់ប្រជាពលរដ្ឋ រស់នៅតាមបណ្តោយផ្លូវលេខ២៦៥ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២។

ក្នុងសកម្មភាពនេះដែរ លោក ជា ពិសី បានជំរុញប្រជាពលរដ្ឋតាមខ្នងផ្ទះនីមួយៗ ឱ្យទៅចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសង្កាត់ឱ្យបានគ្រប់ៗគ្នា នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ ក្រៅពីចូលរួមអនុវត្តគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា និងត្រូវប្រុងប្រយ័ត្នជានិច្ច អំពីជំងឺគ្រុនឈាម ជំងឺផ្តាសាយធំ និងជំងឺផ្សេងៗ បន្ទាប់ពីជំងឺកូវីដ១៩ បំប្លែងថ្មី ប្រភេទ អូមីក្រុង។

លោក ជា ពិសី បានជំរុញប្រជាពលរដ្ឋដែលមិនទាន់បានចាក់វ៉ាក់សាំងដូសទី៣ និងដូសទី៤ សូមអញ្ជើញទៅចាក់នៅទីតាំងដែលសង្កាត់-ខណ្ឌ និងរដ្ឋបាលរាជធានីបានកំណត់ និងនៅមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែក តាមខណ្ឌនីមួយៗ និងនាំកូនៗ ដែលមានអាយុចាប់ពី៣ឆ្នាំ ដល់៥ឆ្នាំ ទៅចាក់វ៉ាកសាំងតាមកាលបរិច្ឆេទ និងបច្ចុប្បន្នកំពុងបន្តចាក់ពីសំណាក់ក្រុមគ្រូពេទ្យ។

លោកអភិបាលខណ្ឌទួលគោករូបនេះ ក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋត្រូវថែទាំសុខភាពឱ្យបានល្អប្រសើរ តាមរយៈការរក្សាអនាម័យក្នុងការរស់នៅ និងត្រូវមានស្មារតីរឹងប៉ឹងក្នុងការប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃ ក្នុងនោះសម្រាប់ចាស់ជរា និងកុមារតូចៗ គួរមានស្មារតីប្រុងប្រយ័ត្នខ្ពស់ចំពោះអាកាសធាតុចុះត្រជាក់ និងចូលរួមបង្ការទប់ស្កាត់ជំងឺកូវីដ១៩ ដើម្បីសេចក្តីសុខ និងសុភមង្គលក្នុងក្រុមគ្រួសារ។

លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យអនុវត្តជាប់ជានិច្ចនូវសារផ្ដាំផ្ញើអប់រំនានារបស់ក្រសួងសុខាភិបាលស្តីពីវិធានការការពារជំងឺកូវីដ១៩ (រស់នៅធម្មតាតាមបែបគន្លងថ្មី) និងការបន្តអនុវត្តវិធានការ «៣កុំ និង៣ការពារ» របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងចូលរួមចាក់វាក់សាំងឱ្យបានគ្រប់ៗគ្នា៕