(កែប)៖ លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ បានអញ្ជើញប្រកាសខេត្តកែបជាខេត្តទី១ អស់មីន។ ក្នុងឱកាសនោះ លោកបានបញ្ជាក់ថា កម្ពុជាគ្រោងនឹងប្រកាស ខេត្តចំនួន ៥ទៀតអស់មីនជាបន្តបន្ទាប់ក្នុងឆ្នាំ២០២២ រួមមាន៖ ខេត្តព្រៃវែង ខេត្តកំពង់ចាម ខេត្តព្រះសីហនុ ខេត្តរតនគិរី និងខេត្តតាកែវ ក្រោយរាជធានីភ្នំពេញ និងខេត្តកណ្តាល ក៏ត្រូវបានប្រកាសជារាជធានី-ខេត្តអស់គ្រាប់មីនផងដែរ។

ថ្លែងក្នុងនាមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានអាជ្ញាធរមីន ក្នុងពិធីអបអរសាទរការប្រកាសខេត្តកែបជាខេត្តទី១អស់មីន លោកទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរយ៉ាងជ្រាលជ្រៅជូន ចំពោះរដ្ឋបាលខេត្តកែប និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ដែលបានផ្តល់នូវកិច្ចសហការយ៉ាងល្អប្រសើរ ក្នុងការរៀបចំព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះវត្តមានពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមអបអរសាទរចំពោះសិមិទ្ធផលសម្រេចបានជាប្រវត្តិសាស្រ្ត ជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជាក្នុងការងារបោសសម្អាតមីន ដែលយើងបានដឹងឲ្យអស់ពីខេត្តកែប។

លោកទេសរដ្ឋមន្រ្តីបានលើកឡើងថា ក្នុងឆ្នាំ២០២១អាជ្ញាធរមីនដែលជាសេនាធិការឲ្យរាជរដ្ឋាភិបាល បានទទួលនូវការអនុញ្ញាតពីសម្តេចតេជោនាយករដ្ឋមន្រ្តី សម្រេចជ្រើសរើសយកខេត្តកែបដែលមានផលប៉ះពាល់តិចតួចធ្វើការបោសសម្អាត និងរៀបចំប្រកាសជាខេត្តអស់មីនដំបូងគេបង្អស់ ក្រោមការចូលរួមឧបត្ថម្ភគាំទ្រហិរញ្ញវត្ថុប្រទេសន័រវេស្ស និងប្រទេសហុងគ្រី ដោយជ្រើសរើសយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ជាអ្នកបោសសម្អាត។

ក្នុងឱកាសនោះ ក្នុងនាមប្រជាជនខេត្តកែបក៏ដូចជាប្រជាជនកម្ពុជាទូទាំងប្រទេស លោកទេសរដ្ឋមន្រ្តី លី ធុជ បានសម្តែងនូវការដឹងគុណនិងកត្តញ្ញូតាធម៌ជូនចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានដឹកនាំបញ្ចប់សង្រ្គាមដ៏រ៉ាំរ៉ៃរាប់ទសវត្សរ៍ និងទទួលបានសុខសន្តិភាពពេញលេញទូទាំងប្រទេស ក្រោមនយោបាយឈ្នះឈ្នះនៅចុងឆ្នាំ១៩៩៨ ព្រមទាំងបានអនុញ្ញាតឲ្យរាជរដ្ឋាភិបាលកម្ពុជា មានលទ្ធភាពគ្រប់គ្រាន់ដោះស្រាយការគម្រាមកំហែងដោយសារមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះទាំងនោះប្រកបដោយប្រសិទ្ធភាព និងគ្មានការភ័យខ្លាច។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកទេសរដ្ឋមន្រ្តីបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ជូនចំពោះរាជរដ្ឋាភិបាល និងប្រជាជននៃប្រទេសន័រវេស្សរដ្ឋាភិបាល និងប្រជាជននៃប្រទេសហុងគ្រី និងCMAC ដែលបានផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេសដើម្បីបញ្ចប់វត្តមានគ្រាប់មីននៅក្នុងខេត្តកែប ក៏ដូចជាបានថ្លែងអំណរគុណជូនចំពោះដៃគូអភិវឌ្ឍន៍ប្រទេសជាមិត្ត និងប្រតិបត្តិករជាតិ-អន្តរជាតិដទៃទៀត ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការជួយឧបត្ថម្ភគាំទ្រទាំងផ្នែកបច្ចេកទេសសម្ភារ និងថវិកាដល់ការងារសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា។

លោកទេសរដ្ឋមន្រ្តីបានជម្រាបប្រាប់អង្គពិធីថា «កម្ពុជាបានទទួលរងគ្រោះដោយសារសង្រ្គាមរ៉ាំរ៉ៃ ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៦០ មានទាំងបញ្ហាមីននិងបញ្ហាយុទ្ធភណ្ឌមិនទាន់ផ្ទុះ។ ភូមិអស់មីន ឬខេត្តអស់មីនមិនមែនជាភូមិ ឬជាខេត្តអស់បញ្ហាយុទ្ធភណ្ឌមិនទាន់ផ្ទុះដទៃទៀតនោះទេដូចជាគ្រាប់បែកទម្លាក់ពីលើយន្តហោះគ្រាប់បែកចង្កោម និងគ្រាប់មិនទាន់ផ្ទុះគ្រប់ប្រភេទជាដើម។ ខេត្តកែបអស់មីន តែមិនទាន់អស់បញ្ហាគ្រាប់មិនទាន់ផ្ទុះពីសង្រ្គាមទេ សូមបងប្អូនបន្តប្រុងប្រយ័ត្ន និងរួមគ្នាបន្តចាត់វិធានការដោះស្រាយនិងឆ្លើយតបទៅនឹងគ្រាប់មិនទាន់ផ្ទុះទាំងនោះ ឲ្យទាន់ពេលវេលានិងមានប្រសិទ្ធភាពខ្ពស់»

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវផែនការប្រកាសរាជធានី/ខេត្ត ដែលមានផលប៉ះពាល់ដោយសារមីនតិចតួចចំនួន០៧ទៀត ជារាជធានី/ខេត្តអស់មីន រួមមាន៖ ខេត្តព្រៃវែង (៣.៦ហិកតា) ខេត្តកណ្តាល (៦.៥ហិកតា) រាជធានីភ្នំពេញ (១២៥ហិកតា) ខេត្តកំពង់ចាម (១២៨ហិកតា) ខេត្តព្រះសីហនុ (១៧៤ហិកតា) ខេត្តរតនគិរី (៣៤០ហិកតា) និងខេត្តតាកែវ (៣៦៣ហិកតា)។

លោក Rune Dale-Andresen នាយកអង្គការ NPA ប្រចាំកម្ពុជា បានថ្លែងថា «កម្ពុជាកាន់តែលេចធ្លោជាមួយនឹងការបោសសម្អាតមីនប្រឆាំងមនុស្សប្រចាំឆ្នាំ ខ្ពស់ជាងគេនៅលើពិភពលោក ទោះបីផលប៉ះពាល់នៅតែស្ថិតក្នុងទូទាំង ២៣រាជធានីខេត្ត។ NPA បានបង្កើនភាពជាដៃគូជាមួយ CMAC ដើម្បីពង្រីកប្រតិបត្តិការក្នុងខេត្តកែប និងខេត្តជាច្រើនទៀត ដើម្បីបង្កើនកិច្ចខិតខំប្រឹងប្រែងសម្រាប់ខេត្តដែលគ្មានមីនឆ្ពោះទៅឆ្នាំ២០២៥ សម្រាប់កាតព្វកិច្ចនិងភាពជោគជ័យរបស់កម្ពុជា»

លោកបន្តទៀតថា NPA បានបន្ថែមការគាំទ្រយ៉ាងខ្លាំងដល់កិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរមីន ដើម្បីដឹកនាំវិស័យមីននិងដោះស្រាយបញ្ហាមីនសម្រាប់គាំទ្រដល់សន្តិភាព និងការអភិវឌ្ឍ។

លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប ថ្លែងថា ខេត្តកែបជាតំបន់សមរភូមិដែលមានការប្រយុទ្ធគ្នាយ៉ាងខ្លាំង រវាងកងទ័ពរដ្ឋាភិបាលនិងកងទ័ពខ្មែរក្រហម ជាពិសេសនៅតំបន់ភ្នំវល្លិ៍ គឺជាតំបន់ក្តៅមួយក្នុងចំណោមតំបន់ក្តៅទាំងឡាយនៃប្រទេសកម្ពុជា។ ក្រោយពីសង្គ្រាមត្រូវបានបញ្ចប់តំបន់មួយចំនួនបានបន្សល់ទុកនូវគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះជាច្រើនបណ្តាលឲ្យមានអ្នកគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមគិតត្រឹមឆ្នាំ២០២១ ចំនួន២២១នាក់ ក្នុងនោះស្រុកដំណាក់ចង្អើរមាន១៩៨នាក់ និងក្រុងកែបមាន២៣នាក់ (មាន៩២% រងគ្រោះដោយសារមីន)។

លោកអភិបាលខេត្តកែបបានបន្តទៀតថា «ទោះបីជាខេត្តទី១អស់មីន ខ្ញុំជឿជាក់ថាអាជ្ញាធរមីននិងម្ចាស់ជំនួយនៅតែបន្តឧបត្ថម្ភគាំទ្រ ជួយដល់ខេត្តកែបលើវិស័យនេះជាបន្តទៀត ដើម្បីដោះស្រាយនូវបញ្ហាសេសសល់នៃសំណល់ជាតិផ្ទុះពីសង្រ្គាម»

ក្នុងនាមអាជ្ញាធរមីនជាស្ថាប័នសាធារណៈរបស់រដ្ឋ និងជាសេនាធិការឲ្យរាជរដ្ឋាភិបាល លោកទេសរដ្ឋមន្រ្តី លី ធុជ បានស្នើសុំឲ្យដៃគូអភិវឌ្ឍន៍ប្រទេសជាមិត្ត និងប្រតិបត្តិករបោសសម្អាតមីនបន្តសហការនិងបន្តគាំទ្រដល់ផែនការអាទិភាពរបស់រាជរដ្ឋាភិបាល ដើម្បីធ្វើការបោសសម្អាតនិងប្រកាសភូមិ ឬខេត្តអស់មីន៕