(ព្រះវិហារ)៖ លោក ហោ ប៊ុនហួរ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាស្រុករវៀង និងលោកស្រី សេង ភួងណារី សមាជិកក្រុមប្រឹក្សាស្រុក នៅរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២ បានដឹកនាំក្រុមការងារ ស.ស.យ.ក ស្រុក និងស.ស.យ.ក ការិយាល័យអប់រំស្រុក ចុះសួរសុខទុក្ខ និងនាំយកនូវអំណោយ ព្រមទាំងថវិកាផ្តល់ជូនមន្រ្តីការិយាល័យអប់រំស្រុកម្នាក់ ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យខេត្តកំពង់ធំ ក្រោយជួបហេតុការណ៍គ្រោះថ្នាក់ ចរាចរណ៌ បណ្តាលឲ្យរងរបួសធ្ងន់។

នៅក្នុងឱកាសនោះលោក ហោ ប៊ុនហួរ បានផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំ ស.ស.យ.ក គ្រប់លំដាប់ថ្នាក់ដែលជានិច្ចជាកាលតែងបានយកចិត្តទុកដាក់គិតគូរ ជានិច្ច ពីចំពោះសុខទុក្ខរបស់សមាជិក ស.ស.យ.ក ក៏ដូចជាប្រជាពលរដ្ឋ ជាពិសេសអ្នកដែលកំពុងជួបគ្រោះថ្នាក់ផ្សេងៗនិងអ្នកដែលមានជីវភាពខ្វះខាត។

បើតាមលោក ហោ ប៊ុនហួរ ថា ជនរងគ្រោះដែលកំពុងសម្រាកព្យាបាលជំងឺ ដោយគ្រោះថ្នាក់ចរាចរមានឈ្មោះ គង់ សុផល្លា អាយុ៣១ឆ្នាំ មុខរបរ មន្រ្ដីការិយាល័យអប់រំស្រុករវៀង រស់នៅភូមិបុះពៃ ឃុំរុងរឿង ស្រុករវៀង ខេត្តព្រះវិហារ។

លោកបានថ្លែងរៀបរាប់ពីហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ ដោយបានកើតឡើងកាលពីវេលាម៉ោង ២៖៣០នាទីរសៀលនាថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ ដោយមូលហេតុ នារីរងគ្រោះខាងលើបានធ្វើដំណើដោយម៉ូតូ តាមផ្លូវជាតិលេខ៦២ ពីខេត្តកំពង់ធំ មកស្រុករវៀង លុះដល់ចំណុចភូមិស្រែ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ ក៏មានគោរត់ចូលម៉ូតូ បណ្តាលឱ្យដួលបោកក្បាល របួសធ្ងន់ (ឈាមកកក្នុងក្បាល និងបាក់ដងកាំបិត)ក៏បានបញ្ជូនទៅសង្រ្គោះនៅមន្ទីពេទ្យខាងកំពង់ធំ។

លោកប្រធាន ស.ស.យ.ក ស្រុករវៀង បានថ្លែងជូនពរដល់ជនរងគ្រោះ សូមឆាប់ជាសះស្បើយ និងមានសុខភាពល្អជាធម្មតាឡើងវិញ ហើយលោកក៏បាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកាចំនួន ៣លានរៀល ប្រគល់ជូនរងគ្រោះ និងក្រុមគ្រួសារសម្រាប់ដោះស្រាយការព្យាបាលផងដែរ៕