(ភ្នំពេញ)៖ រដ្ឋបាលខណ្ឌមានជ័យ បានសហការជាមួយក្រុមហ៊ុន ស៊ិនទ្រី នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ បានចុះដាក់ពង្រាយធុងសំរាមចំនួន២១ធុង នៅតាមផ្លូវសាធារណៈ តាមសួនច្បារ និងតាមទីវត្តអារាម ក្នុងសង្កាត់ស្ទឹងមានជ័យទី១ សង្កាត់ស្ទឹងមានជ័យទី២ និងសង្កាត់ស្ទឹងមានជ័យទី៣ នៃភូមិសាស្រ្តខណ្ឌមានជ័យ។

លោក ឌី រ័ត្នខេមរុណ បានលើកឡើងថា ការដាក់ពង្រាយធុងសំរាម តាមសួនច្បារ ផ្លូវសាធារណៈ និងតាមទីវត្តអារាម នៅក្នុងភូមិសាស្ត្រខណ្ឌមានជ័យយើងនេះ គឺគោលបំណងចង់ឱ្យប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមផ្លូវសាធារណៈ តាមសួនច្បារ និងតាមទីវត្តអារាមងាយស្រួលវិចខ្ចប់ និងទុកដាក់សំរាម ក្នុងធុងសំរាមអោយបានត្រឹមត្រូវ ជៀសវាងការបោះចោលសំរាមពាសវាលពាសកាលនាំអោយបាត់បង់សោភ័ណភាពទីក្រុង។

លោកអភិបាលរង បានបន្ថែមទៀតថា នៅក្នុងភូមិសាស្រ្តខណ្ឌមានជ័យ នាពេលបច្ចុប្បន្ននេះ ការទុកដាក់ ការបែងចែក និងការប្រមូលសំរាម ចេញពីមូលដ្ឋានសង្កាត់ទាំង៧ មានលក្ខណៈល្អប្រសើរជាងមុន ពោលគឺក្រោយពីមាន ក្រុមហ៊ុន ដឹកជញ្ជូនសំរាមចំនួន០៣ មានការប្រកួតប្រជែងគ្នាមក ដោយខណ្ឌមានជ័យ ដេញថ្លៃបានដោយក្រុមហ៊ុន Cintri cambodia ដែលបានចុះប្រមូលសំរាមទាន់ពេលវេលាមិនអោយមានការកកស្ទះសំរាមដូចមុនទៀតទេ។

បន្ទាប់មក លោកអភិបាលរង អំពាវនាវឱ្យប្រជាពលរដ្ឋ វិចខ្ចប់ ទុកដាក់ និងបញ្ចេញសំរាមឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលា ជាពិសេសអាជ្ញាធរសង្កាត់ទាំង៧ ត្រូវធ្វើការផ្សព្វផ្សាយ និងអប់រំប្រជាពលរដ្ឋឱ្យបានយល់ដឹងអំពី ការទុកដាក់ និងការញែកសំរាមសំណល់រឹង ទៅតាមប្រភេទរបស់វា។

យ៉ាងណាមិញលោក ឌី រ័ត្នខេមរុណ បានណែនាំឱ្យប្រជាពលរដ្ឋត្រូវចេះពីរបៀបធ្វើការងារក្នុងបរិបទថ្មី និងត្រូវបន្សាំខ្លួនដោយត្រូវចេះរស់នៅតាមគន្លងថ្មីជាមួយកូវីដ១៩ ប៉ុន្តែត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់វិធានសុខាភិបាល ជាពិសេសគោរពនូវអភិក្រមរបស់សម្តេចតេជោ ហ៊ុន សែន «៣ការពារ និង៣កុំ» ដើម្បីខ្លួនយើង គ្រួសារយើង សង្គមយើង និងប្រទេសជាតិយើង ក្នុងគ្រប់កាលៈទេសៈ ព្រោះថាមួយរយៈពេលចុងក្រោយនេះជំងឺកូវីដ១៩ បំប្លែងថ្មីប្រភេទ អូមីក្រុងកំពុងឆ្លងចូលសហគមន៍ ធ្វើឱ្យយើងមានការព្រួយបារម្ភ ដូច្នេះសូមកាត់បន្ថយការជួបជុំគ្នា កុំទៅកន្លែងដែលមានមនុស្សច្រើន ប្រសិនបើគ្មានការចាំបាច់សូមកុំចេញពីផ្ទះ។

គួរបញ្ជាក់ដែរថា ក្នុងការដាក់ពង្រាយធុងសំរាម នៅតាមផ្លូវសាធារណៈ តាមសួនច្បារ និងតាមទីវត្តអារាម មានចំនួន២១ធុងសំរាម លើ៣ទីតាំង ដូចខាងក្រោម៖

*ទី១៖ នៅសួនស្តុបលូបប្រាំ ដាក់ពង្រាយធុងសំរាមនៅទីតាំងសួន ចំនួន ០៦ធុង។
*ទី២៖ នៅវត្តនន្ទមុនី ដាក់ពង្រាយធុងសំរាម ០៨ធុង។
*ទី៣៖ នៅវត្តស្ទឹងមានជ័យ ដាក់ពង្រាយធុងសំរាម ចំនួន ០៧ធុង៕