(ភ្នំពេញ)៖ អគ្គិភ័យបានឆាបឆេះហាងបាបារាំងមួយកន្លែង បណ្តាលមកពីការផ្សារដែកធ្លាក់កម្ទេចភ្លើងបង្កជាអគ្គិភ័យ តែមិនបានបណ្តាលឲ្យមានអ្នករងរបួសឡើយ។ ហេតុការណ៍គ្រោះអគ្គិភ័យនេះ បានកើតឡើងនៅវេលាម៉ោង ១០៖០០នាទីព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ ស្ថិតនៅចំណុចផ្ទះលេខ២៨ ផ្លូវ១៣៦ ក្រុម១៧ ភូមិ១២ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ភ្លើងបានរលត់ទៅវិញហើយ ក្រោយកម្លាំងសមត្ថកិច្ច ជំនាញប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន៦គ្រឿង។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានប្រាប់ឲ្យភ្នាក់ងារ Fresh News លោក តាំង ស៊ុនតិច ឲ្យដឹងថា ម្ចាស់ទីតាំងមានឈ្មោះ ស៊ុម លាភ អាយុ៣៤ឆ្នាំ មុខរបរម្ចាស់ហាង Amazing។

លោកបានបន្តទៀតថា នៅក្នុងរង្វង់នៃប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបានប្រើប្រាស់រថយន្ដពន្លត់អគ្គិភ័យចំនួន៦គ្រឿង ក្នុងនោះការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចំនួន៤គ្រឿង ប្រើប្រាស់ទឹកអស់៤ឡាន និងរថយន្តក្រុមហ៊ុន OCIC ទីក្រុងកោះពេជ្រចំនួន២គ្រឿង ប្រើប្រាស់ទឹកអស់២ឡាន។

លោកបានបញ្ជាក់ថា ចំពោះករណីគ្រោះអគ្គិភ័យនេះ ពុំបណ្តាលឲ្យមានអ្នកណាម្នាក់រងរបួសឡើយ។ គ្រោះអគ្គិភ័យខាងលើនេះ បានឆេះបំផ្លាញសម្ភារពិដានខាងលើ និងពុំបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងលើ។

យ៉ាងណាមិញសម្រាប់ប្រតិបត្តិការនេះ ត្រូវបានកម្លាំងសមត្ថកិច្ចគ្រប់គ្រងបាននៅវេលាម៉ោង ១១៖០០នាទីនាថ្ងៃខែដដែរ។ ចំពោះមូលហេតុដែលនាំឲ្យមានអគ្គិភ័យ គឺបណ្តាលមកពីការផ្សាដែកបង្កជាអគ្គិភ័យ៕