(ភ្នំពេញ)៖ លោក ថេង សុថុល អភិបាលខណ្ឌចំការមន និងជាប្រធានគណ:បញ្ជាការឯកភាពខណ្ឌ ក្រោមការសម្របសម្រួលពីលោក គឹម ហុងសាន ព្រះរាជអាជ្ញារងអមអយ្យការសាលាដំបូងរាជធានីភ្នំពេញ បានចុះពិនិត្យទីតាំងអាជីវកម្មខារ៉ាអូខេឈ្មោះ Light 168 ផ្លូវបេតុង ក្រុម៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ក្រោយមានពាក្យបណ្ដឹងថាទីតាំងខាងលើមានបង្កប់លួចជួញដូរ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់។

ការចុះត្រួតពិនិត្យនេះ បានធ្វើឡើងនៅយប់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ ដោយមានការអញ្ជើញចូលរួមពីលោកអភិបាលរងខណ្ឌ, នគរបាលខណ្ឌ, កងរាជអាវុធហត្ថខណ្ឌ, លោកប្រធាន-អនុប្រធាន-មន្ត្រីការិយាល័យសេដ្ឋកិច្ចខណ្ឌ, រដ្ឋបាលសង្កាត់ទន្លេបាសាក់ និងមន្ត្រីពាក់ព័ន្ធ។

ជាលទ្ធផល ក្រុមការងារបានចុះដល់ទីតាំង ពិនិត្យឃើញថា នៅទីតាំងខាងលើបានចាក់សោបិទទ្វារ បន្ទាប់មកលោកព្រះរាជអាជ្ញារង បានបញ្ជាឱ្យកម្លាំងកាត់សោទ្វារ ដើម្បីចូលពិនិត្យទីតាំងខាងក្នុង ដោយនៅតាមបន្ទប់នីមួយៗ មានសភាពពុំមានរបៀបរៀបរយ ហើយកៅអី និងសាឡុងទទួលភ្ញៀវមានធូលីដីច្រើន ក្រុមការងារសន្និដ្ឋានថាទីតាំងអាជីវកម្មខាងលើបានបិទពុំមានដំណើរការជាច្រើនខែមកហើយ៕