(កំពង់ឆ្នាំង)៖ ប្រជាកសិករជាង២០គ្រួសារ រស់នៅក្នុងភូមិខ្លែងព័រ ឃុំព្រៃមូល ស្រុករលាប្អៀរ បន្ទាប់ពីមុខរបរធ្វើស្រែ នៅរដូវប្រាំងពួកគាត់បាននាំគ្នាឡើងកាប់ដើមឈើថ្នាំនៅលើភ្នំ ដើម្បីលក់ឱ្យគ្រូផ្សំថ្នាំឱសថបូរាណនៅទីក្រុងភ្នំពេញ តាមរយៈឈ្មួញកណ្ដាល ដើម្បីរកប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃ។

លោក ម៉ាន់ ថា អាយុ៣៥ឆ្នាំ ជាប្រជាកសិកររស់នៅក្នុងភូមិខ្លែងព័រនៅល្ងាចថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ បានរៀបរាបថា នៅក្នុងភូមិរបស់គាត់មានប្រជាពលរដ្ឋប្រមាណជាង ២០គ្រួសារ បន្ទាប់ពីរដូវធ្វើស្រែចំការនៅរដូវប្រាំង បាននាំគ្នាប្រកបមុខរបរឡើងកាប់ដើមឈើ និងវល្លិ៍ឈើថ្នាំនៅលើភ្នំយកមកលក់អោយគ្រូឱសថបូរាណ តាមរយៈឈ្មួញកណ្ដាលម្នាក់ទៀត ដែលយកទៅលក់បន្តទៅភ្នំពេញ គឺមុខរបរនេះពួកគាត់បានធ្វើរយៈពេលបី ឬបួនឆ្នាំហើយ ដើម្បីរកប្រាក់ចំណូលផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃ។

លោកបានបញ្ជាក់ថា ដើមថ្នាំទាំងអស់នេះលោកត្រូវបរគោយន្តទៅកាន់ភ្នំដោះក្រមុំ ក្នុងទឹកដីស្រុកទឹកផុស ភ្នំបរវៀត នៅក្នុងទឹកដីឃុំបំណក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ទាំងទៅទាំងមក និងស្នាក់នៅមានរយៈពេល២ថ្ងៃ ឬ៣ថ្ងៃ ទើបរកថ្នាំទាំងអស់នេះបានមួយគោយន្តយកមកពុះ និងកាប់ចិញ្ច្រាំហាលថ្ងៃឱ្យស្ងួត ដើម្បីថ្លឹងលក់ឱ្យអ្នកប្រមូ លទិញដើមថ្នាំទាំងអស់នេះទៅលក់ឱ្យឈ្មួញកណ្ដាលម្នាក់នៅក្នុងភូមិថ្មី ឃុំក្រាំងលាវ ស្រុករលាប្អៀរ ហើយឈ្មួញកណ្ដាលនោះលក់ចេញបន្តឱ្យឈ្មួញមកពីទីក្រុងភ្នំ ពេញទិញយកទៅផ្សំថ្នាំឱសថបូរាណលក់ចេញបន្ត។

លោកស្រី ញៀន ថា អាយុ៣៨ឆ្នាំ ជាប្រពន្ធបុរសខាងលើ ដែលកំពុងកាប់ចិញ្ច្រាំដើមឈើជាថ្នាំបូរាណនេះ បានឱ្យដឹងថា ដើមឈើជាថ្នាំទាំងនេះ រូបនាង និងប្ដីបានទៅរកនៅលើភ្នំរួមមាន៖ ដើមកំរើកគុម្ព, ក្តាំងងារ, គោមួយ, ល្វាព្រៃ, រលាកខ្មង, ឆ្កែស្រែង, កណ្ដាប់ឈ្នាង, ដំរី៥ដក, មើមជុយ, ត្រចៀកជ្រូក និងដើមប៉េកាជាដើម យកមកកាប់ចិញ្ច្រាំហាលថ្ងៃឱ្យស្ងួត ច្រកការ៉ុងទុកថ្លឹងលក់ឱ្យឈ្មួញ។ ចំណែកតម្លៃដើមឈើជាឱសថបុរាណនេះ ពេលហាលស្ងួតមានតម្លៃចន្លោះពី ៥០០រៀល ទៅ ៤ពាន់រៀល ដូចជាដើមកំរើកគុម្ព ១គីឡូ ថ្លៃ៣ពាន់រៀល, ដើមដំរី៥ ដក និងដើមត្រចៀកជ្រូក ១គីឡូ ថ្លៃ ៤ពាន់រៀល។

ដោយឡែកក្នុងមួយថ្ងៃៗរូបគាត់ និងកូនស្រីពី២ ទៅ៣នាក់ នាំគ្នាកាប់ចិញ្ច្រាំថ្នាំហាលស្ងួតបានប្រមាណ ១៥គីឡូតែប៉ុណ្ណោះ គឺ២ថ្ងៃអាចកាប់ចិញ្ច្រាំថ្នាំបានមួយការ៉ុងស្មើ និងពី២៥ ទៅ៣០គីឡូក្រាម។ ដោយក្នុងរយៈពេល១០ថ្ងៃ ត្រូវលក់ម្ដងអាចបានថវិកាប្រមាណពី៣០ ទៅ៣៥ម៉ឺនរៀលតែប៉ុណ្ណោះ ដើម្បីផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃក្នុងគ្រួសារដែលមានសមាជិកសរុបចំនួន៨នាក់គឺ ឪពុកម្ដាយ ២នាក់ និងកូន៦នាក់។

ប្ដីប្រពន្ធទាំងពីរនាក់ខាងលើ បានបញ្ជាក់ថា ការពិតទៅពួកគាត់ក៏ដូចជាប្រជាពលរដ្ឋជាង ២០គ្រួសារទៀត នៅក្នុងភូមិមិនចេះផ្សំថ្នាំបុរាណព្យាបាលជំងឺអ្វីនោះទេ។ ចំពោះថ្នាំដែលពួកគាត់ឡើងទៅកាប់លើភ្នំនេះ គឺត្រូវគេកុម្ម៉ង់ឱ្យរកយកមកកាប់ចិញ្ច្រាំហាលថ្ងៃឱ្យស្ងួតដើម្បីលក់ឱ្យគេ។ ចំណែកអ្នកផ្សំថ្នាំបូរាណនោះ គឺជាគ្រូបុរាណនៅឯក្រុងភ្នំពេញ ឯណោះទេជាអ្នកកម្មង់ទិញ៕