(ភ្នំពេញ)៖ នារសៀលថ្ងៃសុក្រ ទី១១ ខែមីនា ឆ្នាំ២០២២ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម និងជាប្រធាននៃកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាននិងកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ាន ឆ្នាំ២០២២ បានដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម ទទួលជួបពិភាក្សាការងារជាមួយលោក Lim Jock Hoi អគ្គលេខាធិការអាស៊ាន និងសហការី។

ជាកិច្ចចាប់ផ្តើម លោករដ្ឋមន្រ្តីបានសម្តែងគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះ លោកអគ្គលេខាធិការអាស៊ាន និងសហការី ព្រមទាំងបានថ្លែងអំណរគុណ និងកោតសរសើរ នូវការយកចិត្តទុកដាក់សហការយ៉ាងសកម្ម លើការគាំទ្រ និងសម្របសម្រួលរវាងក្រុមការងាររបស់លេខាធិការដ្ឋានអាស៊ាន និងក្រុមការងាររបស់ក្រសួងពាណិជ្ជកម្ម សម្រាប់កិច្ចប្រជុំទាំងឡាយ ដែលកម្ពុជាបានធ្វើជាប្រធានដឹកនាំកន្លងមក តួយ៉ាងដូចជា កិច្ចប្រជុំចង្អៀតថ្នាក់ឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ាន និងកិច្ចប្រជុំលើកទី១ នៃឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ាន សម្រាប់កិច្ចប្រជុំលើកទី៥៣ នៃរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន កាលពីខែមករា និងខែកុម្ភៈ កន្លងទៅ ព្រមទាំងកិច្ចប្រជុំផ្សេងៗទៀត ដោយទទួលបានលទ្ធផលប្រកបដោយជោគជ័យ និងផ្លែផ្កា។

លោករដ្ឋមន្រ្តី បានគូសរំលេចថា ជំនួបពិភាក្សានេះ បានផ្ដោតសំខាន់លើការត្រៀមខ្លួនរបស់កម្ពុជាក្នុងការរៀបចំនិងដឹកនាំ កិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី២៨ (28th AEM Retreat) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៦ និង១៧ ខែមីនា ឆ្នាំ២០២២ ខាងមុខ។

ជាមួយគ្នានោះ លោកអគ្គលេខាធិការអាស៊ាន បានផ្តល់បច្ចុប្បន្នភាពជូន លោករដ្ឋមន្ត្រី ពាក់ព័ន្ធនឹងរបៀបវារៈទាំងឡាយ ដែលគ្រោងនឹងលើកយកទៅពិភាក្សានៅក្នុងកិច្ច​ប្រជុំចង្អៀតនោះ រួមមាន៖ (១)ការតាមដានកិច្ចការបន្ត ស្របតាមលទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៨ និង៣៩ (២)ការត្រៀមដើម្បីអនុម័តលើសមិទ្ធផល​អាទិភាពសេដ្ឋកិច្ចដែលស្នើដោយកម្ពុជា ព្រមទាំងអាទិភាពប្រចាំឆ្នាំរបស់ក្រុមការងារអន្តរវិស័យក្រោមសមត្ថកិច្ចរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន (៣)ការផ្លាស់ប្តូរមតិយោបល់​អំពីកិច្ចខិតខំប្រឹងប្រែងដើម្បីស្តារឡើងវិញក្រោយវិបត្តិកូវីដ១៩ និងវឌ្ឍនភាពការងាររបស់អាស៊ានក្នុងការឆ្លើយតបនឹងវិបត្តិកូវីដ១៩ (៤)ការពិនិត្យនិងឯកភាពលើ​អនុសាសន៍​របស់កិច្ចប្រជុំលើកទី៤១ នៃក្រុមការងារជាន់ខ្ពស់ស្តីពីសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន ជូនកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី២៨ (៥)ការត្រៀមអនុម័តលើឯកសារពាក់ព័ន្ធ ដើម្បីប្រកាសបើកជាផ្លូវការនូវការចរចាធ្វើឱ្យប្រសើរឡើងនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញអាស៊ាន (៦)ការពិភាក្សាអំពីយុទ្ធសាស្ត្រអាស៊ានក្នុងការបង្កើនទំនាក់ទំនងកាន់តែប្រសើរជាមួយនឹងប្រទេសដៃគូអាស៊ាន ជាពិសេសដើម្បីពន្លឿនការបញ្ចប់ការចរចាធ្វើឱ្យប្រសើរឡើងនៃតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-អូស្ត្រាលី-នូវែលហ្សេឡង់ ឱ្យបានទាន់ពេលវេលាកំណត់។

លោកអគ្គលេខាធិការអាស៊ាន បញ្ជាក់ថា លោក មានជំនឿចិត្តយ៉ាងមុតមាំថា ក្រោមភាពដឹកនាំរបស់ឯកឧត្តមរដ្ឋមន្រ្តី កិច្ចប្រជុំចង្អៀតខាងមុខនឹងបញ្ចប់ដោយរលូន ប្រកបដោយលទ្ធផលជោគជ័យ និងជាទីមោទនៈ។

នៅកិច្ចបញ្ចប់ លោករដ្ឋមន្រ្តី និងលោកអគ្គលេខាធិការអាស៊ាន បានប្តេជ្ញាចិត្តបន្តកិច្ចសហការបន្ថែមទៀត សំដៅឈានទៅរកការសម្រេចបាននូវសមិទ្ធផលអាទិភាពសេដ្ឋកិច្ចក្នងឆ្នាំ២០២២ និងអាទិភាពការងារប្រចាំឆ្នាំ២០២២ ដែលស្ថិតក្រោមសសរស្ដម្ភសហគមន៍សេដ្ឋកិច្ចអាស៊ាន ក្នុងអំឡុងពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ានក្នុងឆ្នាំ២០២២ នេះ៕