(កំពុងឆ្នាំង)៖ ព្រះមេត្តិសត្ថា វង្ស កុសល ព្រះរាជាគណថ្នាក់កិត្តិយស ព្រះគ្រូធម្មានុវឌ្ឍន៍ ព្រះអនុគណស្រុករលាប្អៀរ និងជាទីប្រឹក្សាផ្ទាល់សម្តេច ព្រះមហា សុមេធាធិបតី នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា មានសង្ឃដីការថា ការប្រកាសផ្តល់តំណែងដល់មន្រ្តីសង្ឃ គឺដើម្បីបំពេញឱ្យបានត្រឹមត្រូវនូវរចនាសម្ព័ន្ធ នៃការគ្រប់គ្រងការដឹកនាំផ្នែកពុទ្ធសាសនា ដើម្បីគ្រប់គ្រងកសាងអភិវឌ្ឍន៍សមិទ្ធផលនានាក្នុងវត្តឱ្យកាន់តែទទួលបានសមិទ្ធផលថ្មីៗថែមទៀត។

ព្រះមេត្តិសត្ថា វង្ស កុសល មានសង្ឃដីកាដូចនេះនាថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ ក្នុងឱកាសនិមន្តជាព្រះអធិបតីភាព ក្នុងពិធីប្រកាសតែងតាំងព្រះចៅអធិការវត្តស្តីទី គ្រូសូត្រស្តាំស្តីទី គ្រូសូត្រឆ្វេងស្តីទី ចំពោះព្រះភិក្ខុសង្ឃ ៣អង្គ និងស្រោចស្រពសុគន្ធវារី នៅវត្តសុវណ្ណសោភា ស្ថិតក្នុងឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

ពិធីនេះក៏មានការចូលរួមពីលោក សរ លាង ប្រធានមន្ទីធម្មការសាសនខេត្តកំពង់ឆ្នាំង និងមានការនិមន្តចូលរួម និងចូលរួមពីព្រះមន្រ្តីសង្ឃជំនួយការសាលាគណខេត្ត ព្រះមន្រ្តីសង្ឃសាលាអនុគណស្រុករលាប្អៀរ លោក ផៅ ស្រៀង អភិបាលរងស្រុករលាប្អៀរ លោក មាស សំណាង ប្រធានការិយាល័យនៃមន្ទីរធម្មការ និងសាសនាខេត្ត ការិយាល័យជំនាញស្រុកអាជ្ញាធរដែនដី ព្រមទាំងពុទ្ធបរិស័ទចូលរួមផងដែរ។

ព្រះមេត្តិសត្ថា វង្ស កុសល បានមានសង្ឃដីកាបន្តថា ទីវត្តអារាមជាទីជំរកអប់រំ ចរិយាធម៌ ដល់ពុទ្ធបរិស័ទយុវជន ដែលជាទំពាំងស្នងឫសី្ស និងជាឱកាសល្អក្នុងការរួបរួមគ្នា ដើមី្បថែរក្សាការពារ សុខសន្តិភាព សេចក្តីសុខសាន្ត សង្គមជាតិ ដោយប្រកាន់យកព្រះពុទ្ធឱវាទជាប្រទីបបំភ្លឺផ្លូវ ក្នុងការអប់រំសីលធម៌ ចរិយាធម៌ សេចក្តីថ្នៃថ្នូសម នឹងទស្សនៈ ដែលថា ព្រះពុទ្ធសាសនាជាកម្លាំងដឹកនាំចរិយាធម៌សង្គម ក្នុងការលុបបំបាត់អំពើហឹង្សាគ្រួសារ និងសង្គមជាតិ ។

ជាមួយគ្នានោះ លោក ផៅ ស្រៀង ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ បន្តប្រុងប្រយ័ត្នខ្ពស់បន្តទៀត និងធ្វើអនាម័យជាប់ជាប្រចាំ ដោយអនុវត្តតាមការ ណែនាំរបស់ ក្រសួងសុខាភិបាលឱ្យបានត្រឹមត្រូវ និងត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការបង្ការ ការពារ និងទប់ស្កាត់នូវជំងឺផ្សេងៗជាពិសេស ជំងឺ COVID-១៩ប្រភេទ
ថ្មីអូមីក្រុង និងអនុវត្តតាមអនុសាសន៍របស់សម្តេចប្រមុខរាជរដ្ឋាភិបាលគឺ ៣ការពារ និង៣កុំ ឱ្យបានជាប់ជាប្រចាំ និងត្រូវទៅចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា ដើម្បីបង្កើតភាពស៊ាំក្នុងសហគមន៍ ដើម្បីកាត់ផ្តាច់ជំងឺដ៏កាចសាហាវនេះពីសហគមន៍បានទាំងស្រុង។

លោក ផៅ ស្រៀង ក៏បានជម្រុញឱ្យប្រជាពលរដ្ឋ ចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ជាពិសេសចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា និងត្រូវអប់រំកូនចៅឱ្យខិតខំរៀនសូត្រ ជៀសឱ្យឆ្ងាយពីគ្រឿង និងអំពើអបាយផ្សេងៗដែលសង្គមស្អប់ខ្ពើមផងដែរ។

បេីតាមព្រះគ្រូវិសុទ្ធិវង្សាចារ្យ នាង ភារុណ បានអានសង្ឃដីកាសម្រេចរបស់សាលាគណខេត្តកំពង់ឆ្នាំង ដែលត្រូវបានតែងតាំងរួមមាន៖ ភិក្ខ ជុំ វាសនា ឡើងទីជាព្រះគ្រូចៅអធិការវត្ត ស្តីទី , ភិក្ខុ ម៉ៅ ឡុញ ឡើងទីជាគ្រូសូត្រស្ដាំស្តីទី, ភិក្ខុ វ៉េង ចាន់នេត្រា ឡើងទីជាគ្រូសូត្រឆ្វេងស្ដីទី នៅវត្តសុវណ្ណសោភា ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង៕