(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ឈុំ សុជាត រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២នេះ បានបដិសេធទាំងស្រុង ចំពោះការផ្សព្វផ្សាយរបស់សារព័ត៌មានមួយចំនួន ហើយបញ្ជាក់ថា ឈ្មោះហួន សីហា មិនមែនជាជំនួយការរបស់លោកនោះទេ។

នាយឧត្តមសេនីយ៍ ឈុំ សុជាត បានបញ្ជាក់ប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា នាថ្មីៗនេះ «មានសារព័ត៌មានមួយចំនួន បានផ្សព្វផ្សាយអំពីបុគ្គលឈ្មោះ ហួន សីហា ហើយអះអាងថាជាជំនួយការរបស់ខ្ញុំ ដោយបានយកឈ្មោះរបស់ខ្ញុំទៅប្រើប្រាស់ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន តាមរយៈការយកលុយជាថ្នូរនឹងការបញ្ចូលក្របខណ្ឌកងយោធពលខេមរភូមិន្ទជាដើម»

លោកបានបន្តថា «ខ្ញុំសូមធ្វើការបដិសេធទាំងស្រុងចំពោះការផ្សព្វផ្សាយដែលមិនបានបញ្ជាក់ឲ្យបានត្រឹមត្រូវនេះ ហើយសូមបញ្ជាក់ដែរថា រូបខ្ញុំមិនដែលមានជំនួយការឈ្មោះ ហួន សីហា ដូចការផ្សព្វផ្សាយនោះទេ។ រាល់សកម្មភាពរបស់ឈ្មោះ ហួន សីហា គឺជាទង្វើបុគ្គលសុទ្ធសាធ មិនគួរមានការផ្សព្វផ្សាយធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់ខ្ញុំ និងក្រសួងការពារជាតិឡើយ»

ជុំវិញបញ្ហានេះ នាយឧត្តមសេនីយ៍ ឈុំ សុជាត ក៏បានស្នើ និងអំពាវនាវដល់សារព័ត៌មានទាំងអស់ ដែលបានផ្សព្វផ្សាយដោយមានការភាន់ច្រឡំនេះ ធ្វើការកែតម្រូវនូវការផ្សព្វផ្សាយរបស់ខ្លួនឡើងវិញ។ ទន្ទឹមនឹងនេះ លោកក៏បានអំពាវនាវដល់ស្ថាប័នមានសមត្ថកិច្ច សូមចាត់វិធានការស្រាវជ្រាវ ដើម្បីផ្ដន្ទាទោសចំពោះជនដែលប្រព្រឹត្តល្មើស ទៅតាមនីតិវិធីច្បាប់។

សូមជម្រាបថា សេចក្តីបំភ្លឺរបស់នាយឧត្តមសេនីយ៍ ឈុំ សុជាត បានធ្វើឡើងបន្ទាប់ពីមានការផ្សព្វផ្សាយថា បុគ្គលឈ្មោះ ហួន សីហា បានយកឈ្មោះរបស់លោកទៅបោកប្រាស់ប្រជាពលរដ្ឋ។

នាយឧត្តមសេនីយ៍ ឈុំ សុជាត ក៏បានលើកទឹកចិត្ត ឲ្យមានការដាក់ពាក្យបណ្ដឹងដើម្បីទាមទាររកយុត្តិធម៌តាមផ្លូវច្បាប់ ប្រសិនបើមានបុគ្គលណាមួយរងគ្រោះ ដោយសារបុគ្គលខាងលើនេះ៕