(ភ្នំពេញ)៖ ក្រុមការងារចំពោះកិច្ចគ្រប់គ្រង បែងចែក និងផ្គត់ផ្គង់ឱសថយុទ្ធសាស្រ្ត សម្រាប់ប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានឲ្យដឹងថា ឱសថព្យាបាលជំងឺកូវីដ-១៩ «ម៉ូលណាទ្រីស» នឹងបន្ដចែកចាយ ចាប់ពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២នេះ តទៅក្នុងតម្លៃ៥០ដុល្លារ អាមេរិក ក្នុង១ប្រអប់។

សេចក្ដីជូនដំណឹង បានឲ្យដឹងថា ដើម្បីបន្តចូលរួមទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បានទាន់ពេលវេលា និងបង្កើតបានភាពស៊ាំសហគមន៍ រឹងមាំពិតប្រាកដមួយ ទប់ទល់នឹងជំងឺរាតត្បាតសកលកូវីដ-១៩កន្លងមក ក្រុមការងារបាននាំចូលឱសថម៉ូលណាទ្រីស (ម៉ូលនូពីរ៉ាវា កាប់ស៊ុល ២០០ មីលីក្រាម) MOLNATRIS (Molnupiravir Capsules 200mg) ចែកចាយបន្តក្នុងតម្លៃ ៥៥ ដុល្លារ ក្នុង១ដូស សម្រាប់ព្យាបាលជំងឺកូវីដ-១៩ ចាប់ពីកម្រិតស្រាលទៅមធ្យម ចំពោះមនុស្សពេញវ័យ។ ទន្ទឹមនឹងនេះ ដើម្បីឆ្លើយតបទៅនឹងតម្រូវការឱសថនេះ និងចូលរួមលើកកម្ពស់សុខុមាលាភាព និងជីវភាពប្រជាពលរដ្ឋ រាជរដ្ឋាភិបាលបានផ្តល់ថវិកាបដិភាគ ដូចនេះក្រុមការងារនឹងចែកចាយឱសថ ម៉ូលណាទ្រីស ក្នុងតម្លៃ៥០ដុល្លារ អាមេរិក ក្នុង១ដូស ចាប់ពីថ្ងៃចន្ទ ទី១៤ ខែមីនា ឆ្នាំ២០២២នេះតទៅ ជូនមន្ទីរពេទ្យឯកជន គ្លីនិក ឱសថស្ថាន ឱសថស្ថានរង និងសាធារណជន តាមលក្ខខណ្ឌ ដូចខាងក្រោម៖

* បុគ្គលម្នាក់ មានសិទ្ធិបញ្ជាទិញពី១ ដល់១០ដូស
* មន្ទីរពេទ្យឯកជន គ្លីនិក ឱសថស្ថាន និងឱសថស្ថានរង មានសិទ្ធិបញ្ជាទិញពី១០ ដល់១០០ដូស (ត្រូវមានលិខិតអនុញ្ញាតបើកអាជីវកម្ម) ហើយអាចលក់បន្តមិនលើសពី ៦០ ដុល្លារអាមេរិក ក្នុង១ដូស
* មន្ទីរពេទ្យឯកជន គ្លីនិក ឱសថស្ថាន ឱសថស្ថានរង និងសាធារណជន អាចបញ្ជាទិញសារជាថ្មីយ៉ាងតិច ១សប្តាហ៍ក្រោយបញ្ជាទិញលើកចុងក្រោយ។

បញ្ជាក់៖ ករណីមន្ទីរពេទ្យឯកជន គ្លីនិក ឱសថស្ថាន ឱសថស្ថានរង ឬអ្នកលក់ យកទៅលក់បន្តលើសពីតម្លៃកំណត់ខាងលើ ក្រុមការងារនឹងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីចាត់វិធានការ តាមនីតិវិធីជាធរមាន៕