(ភ្នំពេញ)៖ សមត្ថកិច្ចជំនាញមន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបក្រុមជួញដូរគ្រឿងញៀន ចាប់ខ្លួនជនសង្ស័យ២នាក់ (ខ្មែរ១ អាមេរិក១) រឹបអូសគ្រឿងញៀន ជាង៤០គីឡូក្រាម។

ការចុះបង្ក្រាបនេះ អនុវត្តតាមបញ្ជារបស់នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ អនុវត្តតាមបញ្ជាផ្ទាល់ ដោយនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ និងឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន។

ប្រតិបត្ដិការនេះ ធ្វើឡើងកាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង០១៖១៥នាទី កម្លាំងជំនាញនៃ មន្ទីរប្រឆាំង បទល្មើសគ្រឿងញៀន (ក៥) ដឹកនាំដោយលោក ឧត្ដមសេនីយ៍ទោ សាន សុទ្ធី, លោកឧត្តមសេនីយ៍ទោ ឆាយ ហូត, លោកឧត្តមសេនីយ៍ត្រី គឹម តូ, លោក ទេព វ៉ាន់ណារ៉ា នាយករងមន្ទីរ, មានការចូលរួមពីកម្លាំង នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ព្រមទាំងមានការសម្របសម្រួលពីលោក វង្ស សាវ៉ាត ព្រះរាជអាជ្ញារងនៃអយ្យការ អមសាលាដំរាជធានីភ្នំពេញ បានដំណើរការស្រាវជ្រាវបង្ក្រាបនៅចំណុចមុខផ្ទះលេខ បុរីទន្លេបាសាក់ ខណ្ឌចំការមន និងរបងវត្តនាគវ័ន្ត ខណ្ឌទួលគោក។

ជាលទ្ធផល ឃាត់ខ្លួនជនសង្ស័យ២នាក់៖ ឈ្មោះ USSTTERIABDURRAHMAN A ភេទប្រុស កើតឆ្នាំ ១៩៨៩ ជនជាតិ អាមេរិចកាំង និងឈ្មោះ ឆាយ ទី ភេទប្រុស កើតឆ្នាំ១៩៩៣ ជនជាតិខ្មែរ។ ចាប់យកវត្ថុតាងសារធាតុញៀន ប្រភេទម៉េតំហ្វេតាមីន (ICE) ទម្ងន់សុទ្ធ៤២គីឡូ និង៧២៤ក្រាម ។

បច្ចុប្បន្នជនសង្ស័យ ព្រមទាំងវត្ថុតាង បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ បន្តតាមនីតិវិធី៕