(បន្ទាយមានជ័យ)៖ លោក បោន ប៊ិន សមាជិកអចិន្ត្រៃយ៍គណបក្សខេត្ត អនុប្រធានក្រុមការងារ ចុះមូលដ្ឋានស្រុកមង្គលបូរី ប្រធានក្រុមការងារចុះមូលដ្ឋានឃុំចំណោម បានផ្ដាំផ្ញើចំពោះប្រធាន អនុប្រធាន ក្រុមការងារចុះមូលដ្ឋានភូមិទាំង១៨ ក្នុងឃុំចំណោម សូមយកអស់់កម្លាំងកាយចិត្ត បម្រើប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន ដោយចិញ្ចឹមចលនាជាប្រចាំចុះជាប់តាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ ដើម្បីដឹងសុខទុក្ខ និងដោះស្រាយសំណូមពររបស់ពួកគាត់។

ការក្រើនរំឮកបែបនេះ របស់លោក បោន ប៊ិន បានធ្វើឡើងនៅទី១២ ខែមីនា ឆ្នាំ២០២២នេះ នៅក្នុងឱកាសលោកបានអញ្ជើញជាអធិបតីភាពក្នុង ពិធីសំណេះសំណាល និងផ្សព្វផ្សាយសេចក្ដីណែនាំដំណើរឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំអាណត្តិទី៥ នាពេលខាងមុខ។

នាឱកាសនោះដែរ លោកបានបន្តថា ក្រុមការងារគ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវជួយឧបត្ថម្ភគាំទ្រទាំងស្មារតី និងថវិកាដល់សមាជិករបស់បក្សដើម្បីធ្វើសកម្មភាពឱ្យទទួលបានលទ្ធផលល្អប្រសើរ ជោគជ័យ នាពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះផងដែរ។

លោក បោន ប៊ិន ក៏បានកោតសរសើរដល់់ប្រធាន អនុប្រធាន និងក្រុមការងារចុះជួយមូលដ្ឋាន ដែលបានខិតខំយកអស់កម្លាំងកាយចិត្ត ដោះស្រាយរាល់់បញ្ហាប្រឈមរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនកន្លងមកផងដែរ។

បន្ថែមពីនេះ លោក បោន ប៊ិន បានបន្ថែមទៀតថា យើងទាំងអស់គ្នាសង្ឃឹមថានឹងទទួលបានជ័យជំនះជាក់ជាមិនខាននាពេលបោះឆ្នោតឃុំ សង្កាត់ នាពេលខាងមុខ៕