(ភ្នំពេញ)៖ លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ បានណែនាំដល់តាមបណ្ដាប៉ុស្ដិ៍រដ្ឋបាលទាំង៧ ឱ្យបង្កើតក្រុមការងារជុំនាញ ដើម្បីចុះជុំរុញធ្វើប្ដូរ និងផ្ដល់សៀវភៅស្នាក់នៅ (ក២) នឹងសៀវភៅគ្រួសារ (ក៤) ដែលបានកាត់ខ្វៀលពីភូមិមួយទៅភូមិមួយ ពីសង្កាត់មួយទៅសង្កាត់មួយទៀត ជាពិសេសសង្កាត់ទួលសង្កែទី១ នឹងសង្កាត់ទួលសង្កែទី២ ដែលទើបបំបែកថ្មី ជូនប្រជាពលរដ្ឋ។

នេះបើតាមលោកវរសេនីយ៍ត្រី ឃីន ចាន់ណា នាយផ្នែកសេនាធិការ និងជាជុំនួយការអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដែលបានបញ្ជាក់ប្រាប់បណ្ដាញសារព័ត៌មានអង្គភាព Fresh News នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ ក្រោយពីលោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌ បានជម្រាបជូនដំណឹងជាថ្មីម្ដងទៀត ដល់ប្រជាពលរដ្ឋ រស់នៅតាមបណ្ដាភូមិ-សង្កាត់និមួយៗទាំង៧ ក្នុងមូលដ្ឋានខណ្ឌទាំងអស់ឱ្យអញ្ជើញទៅធ្វើសៀវភៅ ស្នាក់នៅ (ក២) និងសៀវភៅគ្រួសារ (ក៤) ឱ្យបានគ្រប់ក្រុមគ្រួសារ ពីក្រុមការងារជុំនាញចុះធ្វើ និងផ្ដល់ជូនផ្ទាល់ ចាប់ពីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២ តទៅ។

សូមជម្រាបថា ក្រៅពីលោកវរសេនីយ៍ឯក អេង អេលីយ៉ាន នាយការិយាល័យគ្រប់គ្រងការស្នាក់នៅ បានផ្តល់នូវនិតិវិធី ក៏ដូចជាសម្ភារប្រើប្រាស់មានដូចជា (សៀវភៅក១-សៀវភៅក២-សៀវភៅក៣-សៀវភៅក៤) ក្រោយពីមានការអនុញ្ញាត និងការយកចិត្តទុកដាក់ពីឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីកាន់តែងាយស្រួលក្នុងការគ្រប់គ្រង ដែលជាឯកសារបញ្ជាក់ អត្តសញ្ញាណដ៏សំខាន់ សម្រាប់យកធ្វើជាសក្ខីកម្ម និងលិខិតស្នាមចាំបាច់ផ្សេងៗដទៃទៀត។ នៅក្នុងការចុះជុំរុញធ្វើប្ដូរ និងផ្ដល់សៀវភៅស្នាក់នៅ (ក២) នឹងសៀវភៅគ្រួសារ (ក៤) នេះដែរក៏មានវត្តមានចុះហត្ថលេខាផ្ទាល់ដោយលោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការខណ្ឌ លោកវរសេនីយ៍ទោ ថន ថេន អធិការរង លោកវរសេនីយ៍ត្រី មៀច នន នាយផ្នែក និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ផ្នែកអត្តសញ្ញាណកម្ម នៃអធិការរដ្ឋាននគរបាលខណ្ឌឬស្សីកែវ សហការជាមួយការិយាល័យគ្រប់គ្រងការស្នាក់នៅ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

សូមជម្រាបទៀតថា ក្រោមការយកចិត្តទុកដាក់ពីលោក ឯក ឃុនដឿន ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌឫស្សីកែវ ក៏បានឧបត្ថម្ភអង្ករ ចំនួន១តោន និងថវិកាចំនួន ៥,០០០,០០០រៀល ផងដែរ ដល់អធិការដ្ឋាននគរបាលខណ្ឌ ដើម្បីរក្សាទុកសម្រាប់ជួយដល់អតីតយុទ្ធជន កងកម្លាំង និងការងារចុះធ្វើ និងផ្តល់សៀវភៅស្នាក់នៅ (ក២) និងសៀវភៅគ្រួសារ (ក៤) ទូទាំង៧សង្កាត់ ជូនប្រជាពលរដ្ឋ កាលពីព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២២។

ជាមួយគ្នានេះ លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត បានបន្តអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានកាត់ខ្វៀលពីភូមិមួយទៅភូមិមួយ ពីសង្កាត់មួយទៅសង្កាត់មួយទៀត ជាពិសេសសង្កាត់ទួលសង្កែទី១ នឹងសង្កាត់ទួលសង្កែទី២ ក្នុងចំណោមសង្កាត់ទាំង៧ ដែលទើបបំបែកថ្មី ក្នុងមូលដ្ឋានខណ្ឌទាំងអស់ឱ្យអញ្ជើញទៅធ្វើសៀវភៅស្នាក់នៅ (ក២) និងសៀវភៅគ្រួសារ (ក៤) ឱ្យបានគ្រប់ក្រុមគ្រួសារ ពីក្រុមការងារជុំនាញធ្វើប្ដូរ និងផ្ដល់ជូនផ្ទាល់៕