(ភ្នំពេញ)៖ មានអគ្គិភ័យមួយបានឡើងដោយសារតែធ្លាយធុងហ្គាស បណ្តាលឆាបឆេះសិប្បកម្មកាត់ដេរខោអាវមួយកន្លែង ព្រមទាំងបមផ្លាញសម្ភារអស់មួយចំនួន នៅសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៧៖៣០នាទីព្រឹក ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅចំណុចសិប្បកម្មកាត់ដេរខោអាវមួយកន្លែង ក្នុងភូមិថ្មគោល១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ ប្រាប់ឱ្យបណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋមកថា មានអគ្គិភ័យកំពុងឆាបឆេះសិប្បកម្មកាត់ដេរខោអាវ ភ្លាមៗនោះ លោកក៏បានបញ្ជាទៅកម្លាំងសមត្ថកិច្ចជំនាញពន្លត់អគ្គិភ័យដែលប្រចាំការនៅទីតាំងសាលាខណ្ឌពោធិ៍សែនជ័យ ដើម្បីចេញរថយន្តពន្លត់អគ្គិភ័យជួយអន្តរាគមន៍។

ដោយនៅក្នុងនោះ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន ក៏បានបញ្ជាទៅគោលដៅប្រចាំការនៅសាលាខណ្ឌសែនសុខ ជួយចេញរថយន្តពន្លត់អគ្គិភ័យ ២គ្រឿងបន្ថែមទៀត ដើម្បីជាជំនួយជួយដល់ទីតាំងដែលកំពុងតែឆាបឆេះនេះ។

លោកវរសេនីយ៍ឯក បានបន្តថា ដោយនៅក្នុងរង្វង់ប្រតិបត្តិការអន្តរាគមន៍ជួយសង្គ្រោះនេះ គឺកម្លាំងជំនាញរបស់យើង បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យ ចំនួន៣គ្រឿង ប្រើប្រាស់ទឹកអស់ ៣ឡាន ស្មើរនឹង ១២ម៉ែត្រគូប ទើបរលត់ទាំងស្រុង។

លោកវរសេនីយ៍ឯក បានបញ្ជាក់ថា ចំពោះអគ្គិភ័យខាងលើនេះ បានឆេះបំផ្លាញ ថ្មប្រក់សង័សី ដែលមានទំហំ ៦ម៉ែត្រ គុណ១៦ម៉ែត្រ និងបណ្តាលឆេះខូចខាតសម្ភារៈរួមមាន ម៉ាស៊ីនដេរចំនួន ១០គ្រឿង, ទូរទស្សន៍ ១គ្រឿង, ទូរទឹកកក ១គ្រឿង, ធុងហ្គាស ១ធុង, ក្រណាត់មួយចំនួន និងពុំបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។

យ៉ាងណាមិញសម្រាប់ប្រតិបត្តិការនេះ គឺសមត្ថកិច្ចជំនាញរបស់យើង បានធ្វើការគ្រងគ្រងបាននៅវេលាម៉ោង ៨៖០០នាទីព្រឹកថ្ងៃដដែរ។ សម្រាប់គ្រោះអគ្គិភ័យខាងលើនេះ គឺមិនបានបណ្តាលឱ្យអ្នកម្នាក់រងគ្រោះឡើយ៕