(សៀមរាប)៖ ទារិកាអាយុ១ឆ្នាំ ត្រូវបានក្រុមគ្រូពេទ្យនៅខេត្តសៀមរាប រកឃើញថាមានជំងឺផ្ដាសាយបក្សី បន្ទាប់ពីមានរោគសញ្ញាសង្ស័យមួយចំនួន។ បច្ចុប្បន្ននេះ កុមាររូបនេះបានជាសះស្បើយពីជំងឺហើយ។

ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ មានប្រសាសន៍នៅថ្ងៃទី១២ ខែមីនា នេះថា កុមារដែលឆ្លងជំងឺផ្ដាសាយបក្សីខាងលើនេះ បានជាសះស្បើយពីជំងឺហើយ និងពុំមានអ្នកឆ្លងទៀតទេ។ លោកបន្ថែមថា អ្នកជំងឺមានទីលំនៅក្នុងភូមិត្រពាំងរុន ឃុំឬស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប។

នៅថ្ងៃទី១១ ខែមីនា ក្រុមគ្រូពេទ្យបានចុះទៅពិនិត្យគ្រួសារឆ្លងជំងឺនេះ និងបានយកសំណាកមនុស្ស១៣នាក់ (ស្រី៧នាក់) ទៅពិនិត្យ ព្រមទាំងបាញ់ថ្នាំសម្លាប់មេរោគចំនួន ៦ខ្នងផ្ទះ។ ចំណែកផ្ទះដែលកើតជំងឺផ្ដាសាយបក្សី និងឆ្លងដល់កូននេះ មានចិញ្ចឹមមាន់២០ក្បាល ឈឺងាប់១១ក្បាល។ នេះបើតាមប្រសាសន៍រៀបរាប់របស់លោក ក្រុស សារ៉ាត់ ដោយលោកបញ្ជាក់ថា មកដល់ពេលនេះ ពុំទាន់មានករណីថ្មីទៀតទេ។

យោងតាមការចុះផ្សាយរបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង (CDC) របស់ក្រសួងសុខាភិបាល ទារិកា អាយុ១ឆ្នាំ ដែលឆ្លងជំងឺនេះ មានរោគសញ្ញា គ្រុនក្ដៅ ក្អក និងពិបាកដកដង្ហើម បានទៅទទួលសេវាព្យាបាលជំងឺនៅមន្ទីរពេទ្យកុមារអង្គរ។ លទ្ធផលបញ្ជាក់ដោយមន្ទីរពិសោធន៍ថ្នាក់ជាតិនៅថ្ងៃទី១០ មីនា បញ្ជាក់ថា វិជ្ជមាន Influenze A/H9។

ក្រសួងបញ្ជាក់ថា ក្នុងភូមិកើតជំងឺខាងលើ មានមាន់ងាប់ចាប់តាំងពីខែ កុម្ភៈ មកម្ល៉េះ។ ភ្លាមៗ ក្រោយមានករណីនេះ ក្រសួងបានបញ្ជូនមន្រ្តីនាយកដ្ឋានប្រយុទ្ធជំងឺឆ្លង សហការជាមួយមន្រ្តីក្រុមឆ្លើយតបបន្ទាន់ខេត្ត ចុះអង្កេតស្រាវជ្រាវ បង្ការ និងទប់ស្កាត់ការរាតត្បាត និងអប់រំសុខភាពដល់ប្រជាជននៅមូលដ្ឋាន៕