(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានដាក់ទិសដៅដល់កងកម្លាំងគ្រប់ជំនាញត្រូវចិត្តទុកដាក់លើការងារស្រាវជ្រាវព័ត៌មានសន្តិសុខ សណ្ដាប់ធ្នាប់ ប្រឆាំងភេរវកម្ម និងការពារសន្តិសុខផ្ទៃក្នុងឱ្យបានល្អ និងបន្តយកចិត្តទុកដាក់ការពារសន្តិសុខ រក្សាសុវត្ថិភាពក្នុងពិធីបុណ្យជាតិ អន្តរជាតិ បុណ្យសាសនា និងប្រតិភូរាជរដ្ឋាភិបាល អញ្ជើញចុះក្នុងភូមិសាស្ត្រខេត្ត ព្រមទាំងបន្តសហការពង្រឹងការអនុវត្តច្បាប់ និងបទបញ្ជារបស់់រាជរដ្ឋាភិបាល ជាពិសេសពាក់ព័ន្ធការទប់់ស្កាត់ការបង្រ្កាបបទល្មើសធនធានធម្មជាតិ និងអំពើគេចពន្ធដើម្បីប្រមូលថវិកាជាតិ។

ការណែនាំបែបនេះរបស់មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានធ្វើឡើងនារសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ ក្នុងពិធីប្រជុំត្រួតពិនិត្យការអនុវត្តន៍តួនាទី-ភារកិច្ច និងវឌ្ឍនភាពការងារកងរាជអាវុធហត្ថត្រីមាសទី១ និងទិសដៅត្រីមាសទី២ ឆ្នាំ២០២២។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត នាយសេនាធិការរង, លោកប្រធានមន្ទីរទាំង៧, លោកនាយការិយាល័យ, លោកមេបញ្ជាការមូលដ្ឋានក្រុង-ស្រុកទាំង៩ និង លោកប្រធានស្នាក់ការសន្តិសុខចំនួន៤៨នាក់ផងដែរ ។

ក្នុងកិច្ចប្រជុំនោះ លោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន បានផ្ដាំផ្ញើដល់កងកម្លាំងទាំងអស់ត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ប្រភេទបំប្លែងថ្មី អូមីក្រុង និងត្រូវអនុវត្តន៍វិធានការរបស់រាជរដ្ឋាភិបាល «៣ការពារ និង៣កុំ» និងវិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្ជួនផងដែរ៕