(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រ័ត្ន សណ្ដាប់ បានថ្លែងថា បច្ចុប្បន្នចំពោះបរិបទពិភពលោក ដែលមហាអំណាចកំពុងប្រកួតដណ្ដើមភូមិសាស្រ្ដនយោបាយគ្នាជាថ្មីម្ដងទៀតនេះ បើពោលពីវិបត្ដិនៅអ៊ុយក្រែន ដែលកងទ័ពរុស្ស៊ីបានចូលលុកលុយកាលពី ថ្ងៃ ទី២៤ ខែ កុម្ភៈ ឆ្នាំ២០២២ មកនេះ ដើម្បីរក្សាតុល្យភាពភូមិសាស្រ្ដនយោបាយនៅឧបទ្វីបអឺរ៉ុបខាងកើតនោះ គឺជាការព្យួរនៃសណ្ដាប់ធ្នាប់ពិភពលោក ព្រោះផលប្រយោជន៍របស់មហាអំណាចមិនថារុស្ស៊ី ឬអាមេរិកនោះទេគឺសណ្ដាប់ធ្នាប់ពិភពលោក តែងបានព្យួរជានិច្ច។

តាមលោក រ័ត្ន សណ្តាប់ បានន័យថា ជោគវាសន នៃសណ្តាប់ធ្នាប់ពិភពលោកនៅជាប់នឹងតុល្យភាពនៃផលប្រយោជន៍ភូមិសាស្រ្ដនយោបាយរបស់មហាអំណាច។

ស្ថិតក្នុងន័យនេះ ចំពោះផលប្រយោជន៍របស់មហាអំណាច តំាងពីដើមរៀងមក បើចង់ធ្វើសង្រ្គាម ឬចង់លុកលុយទៅលើប្រទេសណាមួយ ពួកគេតែងតែព្យាយាមស្វែងរកហេតុផលមើលទៅហាក់ដូចជាទង្វើស្របច្បាប់នៅក្នុងក្រសែភ្នែករបស់ដៃគូសម្ព័ន្ធមិត្ដរបស់ខ្លួន។ ជួនកាលពួកគេថែមទាំងបានបញ្ឈប់នូវប្រតិបត្តិការយោធា ហើយរង់ចាំពេលវេលាណាមួយដែលមើលទៅដូចជាពួកគេពិតជាការពារខ្លួន ហើយនឹងធ្វើឲ្យមតិអន្ដរជាតិស្រឡាំងកាំង។

ហេតុនេះចំពោះវិបត្ដិនៅអ៊ុយក្រែន ដែលកំពុងតែងក្ដៅគគុកនាពេលនេះ គឺពិតជាបានធ្វើឲ្យបណ្ដាប្រទេសនានាជុំវិញពិភពលោក ពិសេសនៅអឺរ៉ុប កំពុងគិតឡើងវិញអំពីគោលនយោបាយការបរទេសរបស់ពួកគេ និងកំពុងឃ្លាំមើលយ៉ាងដិតដល់ថាតើមានអ្វីកើតឡើងនៅក្នុងប្រទេសអ៊ុយក្រែននាពេលខាងមុខ ព្រោះរហូតមកដល់ពេលនេះគ្មាននរណាដឹងទេថាតើវានឹងដំណើរការយ៉ាងដូចម្តេចទៀតនោះទេ។ ម្យ៉ាងទៀត តើយើងកំពុងអង្គុយមើលស្រមោលសង្គ្រាមលោកលើកទី៣ នៅក្នុងយុគសម័យទំនើបដ៏អស្ចារ្យនេះ ឬអ្វី?

ដោយហេតុថាបើយោងទៅលើវិបត្ដិកន្លងមក មិនទាន់មានជម្លោះណាធ្ងន់ធ្ងរដូចជាជម្លោះនៅអ៊ុយក្រែននេះទេ ព្រោះជាជម្លោះរវាងមហាអំណាចពីរដែលកាន់កាប់ឃ្លាំងអាវុធនុយក្លេអ៊ែរដ៏ច្រើនសន្ធឹកសន្ធាប់ សូម្បីតែការវាយប្រហារដ៏អាក្រក់របស់អាល់កៃដានៅក្នុងទឹកដីសហរដ្ឋអាមេរិកក៏ដោយ ព្រោះមហាអំណាចទាំងពីរ គឺ អាមេរិកនិង រុស្ស៊ី ដែល រួមគ្នា កាន់កាប់ អាវុធ នុយក្លេអ៊ែរប្រមាណន៧០ភាគរយ នៃ ពិភពលោក។

ដូចនេះបើការប្រកួតប្រជែងរវាងមហាអំណាចទាំងពីរកាន់តែក្ដៅគគុក នឹងបង្កើតហានិភ័យនៃការកើនឡើងយ៉ាងធ្ងន់ធ្ងរដល់ពិភពលោក និងជាការគំរាមកំហែងដល់មនុស្សជាតិគ្រប់ទីកន្លែង។ ជាក់ស្ដែងដូចជាថ្មីៗនេះ លោក ពូទីន បានសម្រេចចិត្ដឲ្យបង្កើនការប្រុងប្រយ័ត្នកម្រិតខ្ពស់នៃកងកម្លាំងនុយក្លេអ៊ែររបស់គាត់។ នេះមានន័យថាលោក ពូទីន ចង់រំលឹក NATO ថា ប្រទេសរបស់គាត់ជាមហាអំណាចនុយក្លេអ៊ែរ។

តែទោះយ៉ាងណាក្ដី ចំពោះការឆ្លងកាត់បន្ទាត់ភ្លើងមហន្តរាយ ជាស្រមោលនៃសង្គ្រាមលោកលើកទី៣ គឺវាខ្ពស់ជាងកាលពីសម័យសង្រ្គាមត្រជាក់ នៅចំណុចប្រសព្វវិបត្តិមីស៉ីលគុយបានោះទៅទៀត។

ដូចនេះចំពោះស្ថានភាពវិបត្ដិនៅអ៊ុយក្រែន បើយើងពោលអំពីការលុកលុយរបស់រុស្ស៊ី គឺនរណាក៏ដឹងដែរថាក្នុងគោលបំណងដើម្បីស្ថាបនាជព្ជាំងសន្ដិសុខរបស់រុស្ស៊ីឲ្យបានរឹងមំាគឺ «គ្មានអ៊ុយក្រែននៅក្នុង NATO» មានន័យថា គ្មានបន្ទាយទ័ពនិងក្បាលមីស៉ីល NATO ក្នុងអ៊ុយក្រែន។

មួយវិញទៀត បើពិនិត្យអំពីការ ដាក់ ទណ្ឌកម្ម របស់បក្សសម្ព័ន្ធយោធាNATO ដែលមានសហរដ្ឋអាមេរិកជាស្ដេចគ្រងលើបល្ល័ង្គNATO នេះទៀតសោត គឺត្រូវបានទម្លាក់ស្រោចដូចទឹកភ្លៀងដោយ គ្មានសេចក្តីថ្លែងការណ៍ណាមួយចង្អុលបង្ហាញពីលក្ខខណ្ឌនៃការបញ្ចប់ការលុកលុយរបស់រុស្ស៊ីទ្បើយ។

បើយើងឈរលើល្បែងការទូត និងយោធានេះទៀតសោត
លោក រ័ត្ន សណ្ដាប់ បានបញ្ជាក់ទៀតថាគួរផ្តល់សញ្ញាដល់លោក ពូ ទីន ដើម្បីឲ្យដឹងច្បាស់អំពីលក្ខខណ្ឌ «ប្រសិនបើអ្នកដកកងកម្លាំងរបស់អ្នកចេញ ពីអ៊ុយក្រែន អ្វីៗទាំងអស់នឹងត្រូវបញ្ចប់ភ្លាមៗ»។

ត្រង់ចំណុចនេះ យើងមិនទាន់ឃើញនូវសេចក្តីថ្លែងការណ៍នេះនៅឡើយទេ ព្រោះពេលខ្លះល្បែងការទូតនិងយោធា ត្រូវតែរួមបញ្ចូលគ្នានូវការឈឺចាប់ជាមួយនឹងរង្វាន់ដ៏មានសក្តានុពល ប្រសិនបើពួកគេព្រមទទួលនឹងមានការដូជូន។ ការចរចាត្រូវតែដាក់របស់របរនៅលើតុដើម្បីជៀសវាងស្ថានការណ៍ដែលគ្មានសង្ឃឹម៕