(ភ្នំពេញ)៖ អធិការដ្ឋាននគរបាលខណ្ឌមានជ័យ កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ១១៖០០នាទី បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចយកទ្រព្យសម្បត្តិ នៅចំណុចបណ្តោយផ្លូវលំ ក្រុម៩ ភូមិ ព្រែកទាល់១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ យកមកស្នាក់ការប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី២។

សមត្ថកិច្ចបានឲ្យដឹងថា កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង ០០៖៣២នាទីរំលងអាធ្រាត្រ ជនរងគ្រោះឈ្មោះ ប៉ាវ គា ភេទប្រុស អាយុ ៣៥ឆ្នាំ បានជិះរថយន្តត្រឡប់មកពីខេត្តតាកែវ មកចំណុចឃ្លាំងគ្មានលេខ ផ្លូវលំ ភូមិប្ញស្សី៣ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (កន្លែងកើតហេតុ) ហើយជនរងគ្រោះបានចតរថយន្តនៅក្នុងឃ្លាំង (ដោយបានទុកសម្ភារៈមួយចំនួននៅលើតុក្នុងឃ្លាំងដូចជា កាបូបស្ពាយ (សម្រាប់ដាក់កុំព្យូទ័រ) ចំនួន ០១, លុយដុល្លារចំនួន ២៥០០ដុល្លារអាមេរិក លុយខ្មែរចំនួន ២លានរៀល, កុំព្យូទ័រលេបថបចំនួន ០២គ្រឿង, អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ០២សន្លឹក, កាតធនាគារចំនួន០៣ សន្លឹក និងប័ណ្ណបើកបររថយន្ត និងម៉ូតូ ០២សន្លឹក) រួចជញ្ជូនអីវ៉ាន់ទៅទុកក្នុងបន្ទប់ធ្វើការ និងពុំបានបិទទ្វាររបងឃ្លាំងនោះទេ។

ពេលជនរងគ្រោះចេញពីក្នុងបន្ទប់ធ្វើការវិញ ស្រាប់តែបាត់សម្ភារៈមួយចំនួនខាងលើមិនឃើញ។ បន្ទាប់មក ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី២ ជួយស្រាវជ្រាវរក។ ភ្លាមនោះ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី២ បានចុះទៅដល់កន្លែងកើតហេតុ ពិនិត្យមើលកាំមេរ៉ាសុវត្ថិភាព(របស់ឃ្លាំង) ឃើញជនសង្ស័យម្នាក់ឈ្មោះ ផាន ប្រុសចាន់ ភេទ ប្រុស អាយុ ១៧ ឆ្នាំចូលក្នុងឃ្លាំងខាងលើលួចយកសម្ភារៈរបស់ជនរងគ្រោះ ហើយរត់គេចខ្លួនបាត់។

លុះមកដល់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ១១៖០០នាទី កម្លាំងសមត្ថកិច្ច ធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនបានជនសង្ស័យឈ្មោះ ផាន ប្រុសចាន់ នៅចំណុចបណ្តោយផ្លូវលំ ក្រុម៩ ភូមិ ព្រែកទាល់១ សង្កាត់ ស្ទឹងមានជ័យទី២ ខណ្ឌ មានជ័យ យកមកស្នាក់ការប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី២ សាកសួរតែម្តង។

លោកអធិការ អ៊ុក បូនីន បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ផាន ប្រុសចាន់ ភេទប្រុស អាយុ ១៧ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅលើគំនរសំរាម (ស្ទឹងមានជ័យ) ក្រុម៩ ភូមិព្រែកទាល់១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ មានផ្ទុកសារធាតុញៀន)។ ជនរងគ្រោះឈ្មោះ ប៉ាវ គា ភេទ ប្រុស អាយុ ៣៥ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅក្នុងឃ្លាំងគ្មានលេខ ផ្លូវលំ ភូមិឬស្សី៣ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ មន្រ្តីអាជ្ញាធរកំចាត់មីន។

សម្ភារៈជនរងគ្រោះឈ្មោះ ប៉ាវ គា បាត់បង់ រួមមាន កាបូបស្ពាយ (សម្រាប់ដាក់កុំព្យូទ័រ)ចំនួន ០១, លុយដុល្លារចំនួន ២៥០០ដុល្លារអាមេរិក លុយខ្មែរចំនួន ២លានរៀល, កុំព្យូទ័រលេបថបចំនួន ០២គ្រឿង, អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ០២សន្លឹក, កាតធនាគារចំនួន០៣ សន្លឹក និងប័ណ្ណបើកបររថយន្ត និងម៉ូតូ ០២សន្លឹក ។

បច្ចុប្បន្នជនសង្ស័យ ឈ្មោះ ផាន ប្រុសចាន់ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕