(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២នេះ បានផ្ញើលិខិតមួយចូលរួមរំលែកទុក្ខជាមួយ ឧកញ៉ា អ៉ឹង ប៊ុនហូវ និងក្រុមគ្រួសារ ចំពោះមរណភាពរបស់ មហាសប្បុរស មង្គលសិរីអគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៏ លឹម ឈុន ដែលជាឪពុករបស់ ឧកញ៉ា អ៉ឹង ប៊ុនហូវ កាលពីវេលាទៀបភ្លឺ ថ្ងៃអាទិត្យ ទី១៣ ខែមីនានេះ ក្នុងជន្មាយុ៩៧ឆ្នាំ ដោយជរាពាធ។

ក្នុងសារលិខិតចូលរួមរំលែកទុក្ខនេះ សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត មានក្តីរំជួលចិត្តឥតឧបមា ដោយបានទទួលដំណឹងដ៏ក្រៀមក្រំថា មហាសប្បុរស មង្គលសិរីអគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៏ លឹម ឈុន បានទទួលមរណភាព។

សម្តេចបានបញ្ជាក់ថា៖ «ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ ខ្ញុំនិងភរិយាសូមសម្តែងនូវការសោកស្តាយ ស្រណោះ អាឡោះអាល័យជាទីបំផុតជាមួយក្រុមគ្រួសារនៃសព ព្រោះការបាត់បង់មហាសប្បុរស មង្គលសិរីអគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៏ លឹម ឈុន គឺជាការការបាត់បង់នូវស្វាមី ឪពុក ឪពុកក្មេក ជីតា និងជីតាទួត ពោរពេញដោយសង្គហធម៌ និងព្រហ្មវិហារធម៌ចំពោះភរិយា កូនៗ និង ចៅៗជាទីស្រឡាញ់ និងពេញមួយជីវិតរបស់មហាឧបាសក តែងរួមចំណែកជួយកសាងសមិទ្ធផល នានាជាច្រើន ជាពិសេសលើកស្ទួយវិស័យព្រះពុទ្ធសាសនា»

សម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធមហាសប្បុរសមង្គលសិរីអគ្គមហាឧបាសក ពុទ្ធសាសនូបត្ថម្ភក៏ លឹម ឈុន សូមឆាប់បាន ចាប់កំណើតកើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀង ឃ្លាតឡើយ៕

ខាងក្រោមនេះជាសារលិខិតចូលរួមរំលែកទុក្ខរបស់ សម្តេចតេជោ ហ៊ុន សែន៖