(ភ្នំពេញ)៖ ឧកញ៉ា អុឹង ប៊ុនហ៊ូវ បានផ្ញើលិខិតថ្លែងអំណរគុណ សូមគោរពជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានផ្ញើលិខិតរំលែកទុក្ខយ៉ាងក្រៀមក្រំ ចំពោះមរណភាពមហាសប្បុរ សមង្គលសិរីអគ្គមហាឧបាសក ពុទ្ធសាសនូបត្ថម្ភក៍ លឹម ឈុន ត្រូវជាឪពុកបង្កើតរបស់លោកឧកញ៉ា។

ក្នុងលិខិតរបស់ឧកញ៉ា អុឹង ប៊ុនហ៊ូវ បានលើកឡើងថា «ខ្ញុំបាទសូមគោរពសម្តែងនូវកតញ្ញូកតវេទិតាធម៌ដ៏ជ្រាលជ្រៅបំផុត ចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះ។ ការចូលរួមរំលែកទុក្ខនេះ បានបញ្ជាក់នូវទឹកចិត្តស្រឡាញ់រាប់អានដ៏ជ្រាលជ្រៅបំផុត ចំពោះរូបខ្ញុំ និងភរិយា ព្រមទាំងក្រុមគ្រួសារ ដែលធ្វើឲ្យយើងខ្ញុំទាំងអស់គ្នាមិនអាចបំភ្លេចបាននូវសមានចិត្តដ៏ថ្លៃថ្លាឧត្តុង្គឧត្តម របស់សម្តេចតេជោនាយករដ្ឋមន្ត្រី។ តាងនាមក្រុមគ្រួសារយើងខ្ញុំទាំងអស់ ខ្ញុំសូមគោរពប្រសិទ្ធពរជ័យសិរីមង្គល វិបុលសុខ បវរមហាប្រសើរ ជូនចំពោះ សម្តេចតេជោនាយករដ្ឋមន្ត្រី និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រី សូមប្រកបដោយពរទាំងឡាយប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ»

សូមជម្រាបថា មហាសប្បុរសមង្គលសិរីអគ្គមហាឧបាសក ពុទ្ធសាសនូបត្ថម្ភក៍ លឹម ឈុន ដែលត្រូវជាជាលោកឪពុកបង្កើត លោកឧកញ៉ា អុឹង ប៊ុនហ៊ូវ បានទទួលមរណភាព នៅថ្ងៃអាទិត្យ ទី១៣ ខែមីនា ឆ្នាំ២០២២នេះ នៅវេលាម៉ោង៣៖០៦នាទីទៀបភ្លឺ ក្នុងជន្មាយុ ៩៧ វស្សា។ សពអគ្គមហាឧបាសក លីម ឈុន ត្រូវបានតម្កល់នៅគេហដ្ឋានលេខ ៦២ ផ្លូវលេខ ២១៤ (សម្ដេចប៉ាន) សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណីនៃព្រះពុទ្ធសាសនា៕