(កំពង់ចាម)៖ លោកឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២នេះ អមដំណើរដោយ លោកប្រធានក្រុមប្រឹក្សាស្រុក, លោកអភិបាលស្រុក បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំង ផ្លាស់ប្តូរមុខតំណែង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកបាធាយ។

ក្នុងពិធីនេះ ក៏មានការចូលរួមពីលោកមេបញ្ជាការរង នាយសេនាធិការ ប្រធានមន្ទីរ នាយការិយាល័យពាក់ព័ន្ធ មេបញ្ជាការ មូលដ្ឋានក្រុង-ស្រុកទាំង១០ ស្នាក់ការសន្តិសុខទាំង៣ អធិការនគរបាលស្រុក មេបញ្ជាការផ្នែកសឹករងស្រុក មេឃុំ មេបុស្តិ៍ ព្រមទាំងមន្រ្តីរាជការជុំវិញស្រុកពាក់ព័ន្ធមួយចំនួនទៀត។

ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី សោ សាវឿន បានលើកឡើង ក្នុងនាមលោកជាមេបញ្ជាការកងរាជអាវុធហត្ថខេត្ត សូមអបអរសាទរ និងកោតសរសើរវាយតម្លៃខ្ពស់ ចំពោះស្នាដៃដែលនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តទាំងអស់ ក្នុងការបំពេញតួនាទី ភារកិច្ចបេសកម្ម ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងសម្រេចបានជោគជ័យជាទីមោទនៈកន្លងមក។

ការប្រកាសផ្លាស់ប្តូរមុខតំណែងនាពេលនេះ បានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ និងមានទំនុកចិត្តពី អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ និងនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ចំពោះនាយអាវុធហត្ថ ដែលបានខិតខំបំពេញតួនាទី ភារកិច្ច មិនខ្លាចនឿយហត់ ហ៊ានធ្វើពលីកម្មគ្រប់បែបយ៉ាង ក្នុងការចូលរួមចំណែកការពារសន្តិសុខ និងរក្សាសណ្តាប់ធ្នាប់សាធារណៈ ដើម្បីបម្រើសេចក្តីសុខជូនប្រជាពលរដ្ឋ និងសង្គមជាតិ៕