(ភ្នំពេញ)៖ ក្រុមសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ចំនួន៧២រូប បានទទួលលិខិតថ្លែងអំណរគុណពីអាជ្ញាធរសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ក្រោយពីលោកគ្រូ អ្នកគ្រូ បានលះបង់ពេលវេលាដ៏មានតម្លៃ ហើយប្រឈមការឆ្លងជំងឺដង្កាត់ផ្សេងៗ ក្នុងការចូលរួមយ៉ាងសកម្ម តាំងពីបើករហូតបិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងដូសទី៤ (ដូសជុំរុញ) ជូនដល់បងប្អូនកម្មករ-កម្មការនី រោងចក្រសហគ្រាសទូទាំងសង្កាត់ ដើម្បីបង្កាទប់ស្កាត់ការរីករាលដាលឆ្លងជំងឺកូវីដ១៩ ជាលក្ខណៈទ្រង់ទ្រាយធំ ពិសេសវីរុសបំប្លែងថ្មី ប្រភេទអូមីក្រុង។

ពិធីប្រគល់លិខិតថ្លែងអំណរគុណនេះ បានធ្វើឡើងដោយតំណាងលោកស្រី រាជ ផាវឿន ចៅសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ មានលោក-លោកស្រីចៅសង្កាត់រងទី១ និងចៅសង្កាត់រងទី២។

ការប្រគល់ និងទទួលលិខិតថ្លែងអំណរគុណ ជាមួយការជួបសំណេះសំណាល បង្ហាញពីភាពសប្បាយរីករាយ រាក់ទាក់ដោយមនោសញ្ចេតនា ក្រោមការចូលរួមពីបណ្ដាមេភូមិទាំង៦ រវាងអាជ្ញាធរសង្កាត់ និងក្រុមសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បានធ្វើឡើង ស្ថិតនៅមណ្ឌលចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ១៩ (វត្តទួលសុវណ្ណារាម ហៅវត្តទួលសង្កែ) ក្នុងភូមិទួលសង្កែ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ នាល្ងាចថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២។

សូមជម្រាបថា សម្រាប់មណ្ឌលទទួលចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ១៩ ជូនដល់កម្មករ-កម្មការនីរោងចក្រសហគ្រាស ស្ថិតនៅវត្តទួលសុវណ្ណារាម (ហៅវត្តទួលសង្កែ) ក្នុងភូមិទួលសង្កែ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ ពេលនេះត្រូវបានប្រកាសបិទបញ្ចប់យុទ្ធនាការទាំងស្រុងហើយ ដោយសរុបរួមចាក់បានចំនួន៩,៥៤៧នាក់ ស្រី៥៧៦៦នាក់ បើគិតត្រឹមល្ងាចថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ ក្រោយពីបានប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងដូសទី៤ ដើម្បីបង្កាទប់ស្កាត់ការរីករាលដាលឆ្លងជំងឺកូវីដ១៩ ជាលក្ខណៈទ្រង់ទ្រាយធំពិសេសវីរុសបំប្លែងថ្មី ប្រភេទអូមីក្រុង ចាប់តាំងពីថ្ងៃ១៩ ខែមករា ឆ្នាំ២០២២៕