(ភ្នំពេញ)៖ ចាប់តាំងពីថ្ងៃទី១៤ ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២នេះ កងយោធពលខេមរភូមិន្ទ បានបើកកិច្ចប្រជុំចារកិច្ចយោធាអាស៊ាន (AMIM-19) និងកិច្ចប្រជុំប្រតិបត្តិការយោធាអាស៊ានលើកទី១២ (AMOM-12) ដែលធ្វើឡើងតាមទម្រង់ចូលរួមដោយផ្ទាល់នៅរាជធានីភ្នំពេញ។

ជាក់ស្តែងនៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២នេះ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយក អគ្គនាយកដ្ឋានស្រាវជ្រាវ-ចារកិច្ច ក្រសួងការពារជាតិ បានដឹកនាំកិច្ចប្រជុំចារកិច្ចយោធាអាស៊ានលើកទី១៩ ខណៈលោកឧត្តមសេនីយ៍ទោ ប៉ែន សុក្រឹតវិទ្យា នាយលេខាធិការដ្ឋាន សេនាធិការចម្រុះ និងជាប្រធានកិច្ចប្រជុំប្រតិបត្តិការយោធាអាស៊ានលេីកទី១២ កិច្ចប្រជុំទាំងពីរនេះមានការអញ្ជើញចូលរួមពីសំណាក់ប្រតិភូនៃបណ្តាប្រទេសជាសមាជិកអាស៊ានទាំង១០ ព្រមទាំងលេខាធិការដ្ឋាន ក្នុងពេលកម្ពុជាធ្វើជាប្រធានអាស៊ាន ឆ្នាំ២០២២ និងការឈានទៅរកកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាននាខាងមុខ នាទីស្តីក្រសួងការពារជាតិ។

កិច្ចប្រជុំអគ្គមេបញ្ជាការអាស៊ានលើកទី១៩ ធ្វើឡើងក្រោមមូលបទ «សាមគ្គី ដើម្បីសេចក្តីសុខប្រកបដោយភាពសុខដុម»។

នាឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ ប៉ែន សុក្រឹតវិទ្យា បានថ្លែងថា សម្រាប់កិច្ចប្រជុំនេះ កងយោធពលខេមរភូមិន្ទ បានជ្រើសរើសប្រធានបទ «សាមគ្គីភាព ដើម្បីសន្តិសុខ សុខដុមរមនា» ដើម្បីផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមក។

អត្ថន័យនៃប្រធានបទមានដូចខាងក្រោម៖

*សាមគ្គីភាព សំដៅលើសុច្ឆន្ទៈ និងបំណងប្រាថ្នារបស់កម្ពុជាក្នុងការជំរុញកិច្ចសហប្រតិបត្តិការកាន់តែខ្លាំងក្នុងចំណោមរដ្ឋសមាជិកអាស៊ាន ក្នុងការដោះស្រាយ និង ឬឆ្លើយតបទៅនឹងបញ្ហាសន្តិសុខសំខាន់ៗនៅក្នុងតំបន់។ សុច្ឆន្ទៈក្នុងសាមគ្គីភាព នេះ គឺស្របតាមគោលការណ៍ មជ្ឈិមអាស៊ាន និងអាស៊ាន ដឹកនាំក្នុងស្ថាបត្យកម្មក្នុងតំបន់។ លើសពីនេះ ពាក្យថា «សាមគ្គីភាព» មានគោលបំណងបំផុសគំនិត និងលើកទឹកចិត្តដល់រដ្ឋសមាជិកអាស៊ានទាំងអស់ ដោះស្រាយបញ្ហាប្រឈមមុខដែលកំពុងការគំរាមកំហែង ជាពិសេសនៅក្នុងកាលៈទេសៈដែលមានហានិភ័យខ្ពស់ ដូចជាជំងឺរាតត្បាតកូវីដ១៩។

*សុខដុមរមនា មានន័យថា ជាកិច្ចខិតខំប្រឹងប្រែងទាំងអស់ដែលបានធ្វើឡើងតាមរយៈការរួបរួមនៃគ្រួសារអាស៊ាននឹងនាំមកនូវសមិទ្ធផលនៃផលប្រយោជន៍រួម។ គោលបំណងចម្បង នៃប្រធានបទនេះ គឺដើម្បីបង្កើនឱកាសសម្រាប់សន្តិភាព និងស្ថិរភាពដែលអាចទទួលយកបានសម្រាប់ទាំងអស់គ្នា។ គោលបំណងមួយទៀត គឺថាដំណោះស្រាយណាមួយចំពោះបញ្ហាក្នុងតំបន់ក៏នឹងផ្តល់នូវលទ្ធផលជាប្រយោជន៍សម្រាប់ប្រទេសនីមួយៗ និងតំបន់ទាំងមូលផងដែរ។ ម្យ៉ាងវិញទៀត គំនិតចម្បងនៃប្រធានបទនេះ គឺដើម្បីជៀសវាងការអត្មានិយម និងការកេងប្រវ័ញ្ចគ្នាទៅវិញទៅមកនៅក្នុងតំបន់ នៅខណៈពេលប្រឈមមុខនឹងកាលៈទេសៈផ្សេងៗ។

សូមបញ្ជាក់ថា កិច្ចប្រជុំចារកិច្ចយោធាអាស៊ានលើកទី១៩ និងកិច្ចប្រជុំប្រតិបត្តិការយោធាអាស៊ានលើកទី១២ គឺជាកិច្ចប្រជុំជំនាញពីរ ទទួលខុសត្រូវក្នុងការរៀបចំឯកសារសម្រាប់បម្រើកិច្ចប្រជុំអគ្គមេបញ្ជាការកងទ័ពអាស៊ានលើកទី១៩ (ACDFM-19) ដែលគ្រោងនឹងបើកកិច្ចប្រជុំនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ ខាងមុខនេះ៕