(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ លោក ធឹម សំអាន អភិបាលខណ្ឌបឹងកេងកង បានដឹកនាំកម្លាំងជួសជុលកំណាត់ផ្លូវ១៩៩ ជាបណ្តោះអាសន្ន ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង ដើម្បីជួយសម្រួលចរាចរណ៍ដល់បងប្អូនប្រជាពលរដ្ឋ ចៀសវៀងការធ្វើដំណើរគ្រោះថ្នាក់ដែលជាយថាហេតុ។

ខណៈចុះពិនិត្យដំណើរការជួសជុលផ្លូវដោយផ្ទាល់នេះ លោក ធឹម សំអាន បានណែនាំដល់មន្ត្រីដែលកំពុងបំពេញការងារនេះ ឲ្យធ្វើការជួសជុលដោយយកចិត្តទុកដាក់ និងឆាប់រហ័ស ដើម្បីសម្រួលចរាចរណ៍ ក្នុងការធ្វើដំណើរ ដល់ប្រជាពលរដ្ឋអ្នកដំណើរ ពិសេសធ្វើយ៉ាងកុំឲ្យប្រជាពលរដ្ឋ រស់នៅអមសងខាងផ្លូវនេះ មានការថ្នាំងថ្នាក់ចិត្តជាមួយយើងក្នុងការរំខានដល់ការរកទទួលទានប្រចាំថ្ងៃ និងការចេញចូលផ្ទះពួកគាត់។

ប៉ុន្តែទោះបីជាយ៉ាងណាក្តី អាជ្ញាធរក៏ដូចជាមន្ត្រីជំនាញ បានសុំការយោគយល់ពីបងប្អូនប្រជាពលរដ្ឋអ្នកធ្វើដំណើរ ចំពោះការរំខានដោយមានការបិទផ្លូវ ឬបិទទីតាំងបណ្តោះអាសន្ននៅពេលការដ្ឋានកំពុងដំណើរការជួសជុលនេះ៕