(ភ្នំពេញ)៖ អំពើឃាតកម្មមួយបានកើតឡើង ដោយសារតែឥទ្ធិពលភ្លើងប្រចណ្ឌ ធ្វើឲ្យបុរសជាប្ដីដាច់ចិត្តសម្លាប់ប្រពន្ធរបស់ខ្លួន។ ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលនៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២នេះ នៅត្រង់ចំណុចបន្ទប់ជួលមួយកន្លែង ស្ថិតក្នុងភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សេចក្ដីរាយការណ៍បានបញ្ជាក់ថា មុនពេលបង្កឲ្យមានការភ្ញាក់ផ្អើលថា មានករណីឃាតកម្មនៅក្នុងបន្ទប់ជួលនេះ គឺនៅពេលជនដៃដល់ជាប្ដី បានចូលសារភាពទោសកំហុសរបស់ខ្លួន ជូននគរបាលនៅស្រុកក្រគរ ខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី១៥ ខែមីនានេះ បន្ទាប់ពីរូបគេបានរត់គេចខ្លួន ក្រោយធ្វើសកម្មភាពនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២កន្លងទៅ។

ជនដៃដល់ដែលជាប្តីមានឈ្មោះ រ័ត្ន វិជ្ជា អាយុ៣៥ឆ្នាំ ស្នាក់នៅបន្ទប់ជួល តាមបណ្ដោយផ្លូវហាណូយ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងមានស្រុកកំណើតនៅឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។ ចំណែកឯស្ត្រីរងគ្រោះជាប្រពន្ធមានឈ្មោះ ហ៊ាង ស្រីជាតិ អាយុ២៨ឆ្នាំ មុខរបរមេដោះ ស្នាក់នៅជាមួយម្តាយ ក្នុងខណ្ឌទួលគោក។

យោងតាមប្រភពព័ត៌មានពីម្តាយរងគ្រោះ បានប្រាប់ឲ្យដឹងថាកាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ បុរសជាប្ដីបានទៅសុំម្ដាយជនរងគ្រោះ ដោយបានយកប្រពន្ធរបស់ខ្លួនទៅដើរលេង ពេលនោះ ម្ដាយក៏យល់ព្រម ក្រោយមកគាត់មិនបានឃើញកូនស្រីរបស់គាត់ត្រឡប់មកផ្ទះវិញ គាត់ក៏បានព្យាយាមខលទាក់ទងទៅប្តីរបស់ស្ត្រីរងគ្រោះតែមិនអាចអាចទាក់ទងបាន។ រហូតមកដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ ទើបមាននគរបាលខេត្តពោធិ៍សាត់ បានទាក់ទងមកប្រាប់ថា កូនគាត់ត្រូវជនសង្ស័យជាប្តីសម្លាប់បាត់ទៅហើយ នៅបន្ទប់ជួលរបស់ខ្លួន ហើយជនសង្ស័យបានចូលសារភាពនៅប៉ុស្តិ៍ក្រគរ ខេត្តពោធិ៍សាត់។

យោងតាមប្រភពព័ត៌មានពីលោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការខណ្ឌសែនសុខ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា នៅពេលនេះ លោកកំពុងតែដឹកនាំកម្លាំងសមត្ថកិច្ចជំនាញផ្ទាល់ ធ្វើដំណើរទៅកាន់ខេត្តពោធិ៍សាត់ ដើម្បីទទួលយកជនសង្ស័យដែលពាក់ព័ន្ធទៅនឹងករណីឃាតកម្មសម្លាប់ប្រពន្ធរបស់ខ្លួនហើយ។ លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង បានបញ្ជាក់ថា បុរសជាជនដៃដល់ បានចូលសារភាពនៅប៉ុស្តិ៍ក្រគរ ក្នុងខេត្តពោធិ៍សាត់ ដោយបញ្ជាក់ប្រាប់សមត្ថកិច្ចថាខ្លួនបានសម្លាប់ប្រពន្ធ។

ក្រោយពីធ្វើការទទួលយកជនសង្ស័យពីសមត្ថកិច្ចខេត្តពោធិ៍សាត់រួចមក និងបញ្ជូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីកសាងសំណុំរឿងទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់៕