(ត្បូងឃ្មុំ)៖ នាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ មន្ទីរធម្មការ និងសាសនាខេត្ត សហការជាមួយសាលាគណខេត្តត្បូងឃ្មុំ រៀបចំដំណើការប្រឡងចូលរៀនពុទ្ធិកអនុវិទ្យាល័យ សម្រាប់ឆ្នាំសិក្សា២០២២-២០២៣ កាត់ស្រោមវិញ្ញាសាធំមណ្ឌលត្បូងឃ្មុំ នៅសាលាបឋមសិក្សា ស ខេង ខ្នារ ស្ថិតនៅឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

ក្នុងពិធីកាត់វិញ្ញាសារធំ ធ្វើឡើងក្រោមអធិបតីភាពលោក កេង ប៊ុនណា អភិបាលរងខេត្តត្បូងឃ្មុំ ដោយមានការចូលរួមពី មន្ទីរអង្គភាពជុំវិញខេត្ត មន្ត្រីរាជការរដ្ឋបាលសាលាខេត្ត ព្រមទាំងសមណសិស្សសរុបចំនួន១៥២អង្គ។

ថ្លែងនាឱកាសនោះ លោក កេង ប៊ុនណា បានលើកឡើងថា ការប្រឡងចូលរៀនពុទ្ធិកអនុវិទ្យាល័យសម្រាប់ឆ្នាំសិក្សា២០២២-២០២៣ សម្រាប់សមណៈសិស្សទាំងអស់នាថ្ងៃនេះ គឺជាការវាស់ស្ទង់នូវចំណេះដឹង ដែលព្រះថេរានុថេរៈគ្រប់ព្រះអង្គនិងគ្រហស្ថ មួយចំនួន ដែលបានខិតខំសិក្សារៀនសូត្រកន្លងមក និងដើម្បីសិក្សាបន្តនូវកំរិតថ្នាក់បន្តទៀត។ ដោយឡែកចំពោះការរៀបចំប្រឡងរបស់មន្ទីរធម្មការនិងសាសនាខេត្ត រៀបចំបានល្អត្រឹមត្រូវតាមបន្ទប់នីមួយៗ មានខ្យល់ចេញចូលបានល្អ សមណសិស្សទ្រង់មានគំលាតគ្នាតាមបន្ទប់នីមួយៗ។

លោកបន្តថា ដើម្បីចូលរួមថែរក្សាវិស័យព្រះ ពុទ្ធសាសនា ជាសាសនារបស់រដ្ឋ គប្បីអ្នកប្រតិបត្តិទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវក្បួនច្បាប់ធម៌វិន័យឲ្យបានត្រឹមត្រូវ និងចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ ក្រោមដំបូលប្រទេសជាតិមាន សុខសន្តិភាព ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាផងដែរ។

បើតាមការបញ្ជាក់របស់លោក ហាក់ ហុន ប្រធានមន្ទីរធម្មការ និងសាសនាខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ខេត្តត្បូងឃ្មុំ មានពុទ្ធិកអនុវិទ្យាល័យចំនួន០២ គឺ១.ពុទ្ធិកអនុវិទ្យាល័យអគ្គមហាសេនាបតីជោ ហ៊ុន សែន វិហារទន្ទឹមសួង ក្រុងសួង យកចំនួន៤២អង្គ និង២.ពុទ្ធិកអនុវិទ្យាល័យអូរាំងឪ ស្រុកអូរាំងឪ យកចំនួន១១០អង្អ។

លោកបញ្ជាក់បន្ថែមថា ចំពោះការប្រឡងចូលរៀនពុទ្ធិកអនុវិទ្យាល័យសម្រាប់ឆ្នាំសិក្សា២០២២-២០២៣នេះ ប្រព្រឹត្តទៅរយៈពេល០១ថ្ងៃ មានសមណសិស្សសរុបចំនួន១៥២អង្គ គណៈមេប្រយោគ២៨អង្គ/នាក់ គ្រូពេទ្យប្រចាំការសង្គ្រោះបឋម០៤នាក់ កម្លាំងការពារ០៤នាក់ សរុបចំនួន១៨៨អង្គ/នាក់ ចែកចេញជា០៧បន្ទប់ ប្រលងលើវិញ្ញាសាចំនួន០៤ គឺភាសាបាលី សរសេរតាមអាន ព្រះវិន័យ និងគណិតវិទ្យា៕