(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទីកម្ពុជា នាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២នេះ បានអនុញ្ញាតឱ្យលោក បូរកែវ ភូមិវង្សសៃ (Buakeo PHUMVONGSAY) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលទើបតែងតាំងថ្មីប្រចាំកម្ពុជា ចូលជួបជូនសារតាំង នៅវិមានព្រឹទ្ធសភា។

ក្នុងព្រះបរមនាម ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ក្នុងនាមព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមសម្តេចផ្ទាល់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានសម្តែងនូវការស្វាគមន៍ដ៏កក់ក្តៅចំពោះ លោក បូរកែវ ភូមិវង្សសៃ ដែលត្រូវបានប្រធានរដ្ឋឡាវ តែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពឡាវប្រចាំកម្ពុជា។

នៅក្នុងឱកាសនោះ លោក បូរកែវ ភូមិវង្សសៃ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចប្រមុខរដ្ឋស្តីទី ដែលបានចំណាយពេលវេលាដ៏មានតម្លៃអនុញ្ញាតឱ្យ លោកបានចូលជូនសារតាំង និងសម្តែងការគួរសម។

លោក បូរកែវ ភូមិវង្សសៃ ក៏បានពាំនាំនូវការសួរសុខទុក្ខពីសំណាក់ ប្រធានរដ្ឋ និងថ្នាក់ដឹកនាំកំពូលឡាវ ថ្វាយព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ និងជូនចំពោះ សម្តេចប្រមុខរដ្ឋស្តីទី និងថ្នាក់ដឹកនាំកំពូលកម្ពុជា។

លោកឯកអគ្គរដ្ឋទូត បានពាំនាំនូវការក្រាបបង្គំយាង ព្រះមហាក្សត្រកម្ពុជា បំពេញព្រះរាជទស្សនកិច្ចជាផ្លូវរដ្ឋនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅពេលវេលាសមស្របណាមួយ ពីប្រធានរដ្ឋនៃសាធារណរដ្ឋ ប្រជាធិបតេយ្យ ប្រជាមានិតឡាវ។

លោក បូរកែវ ភូមិវង្សសៃ បានសម្តែងនូវសេចក្តីរីករាយចំពោះទំនាក់ទំនង សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងរដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ និងបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព និងការរីកចម្រើនរបស់កម្ពុជា។ លោកក៏បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលបានជួយឧបត្ថម្ភគាំទ្រដល់ប្រទេសឡាវ នាពេលកន្លងទៅ ជាពិសេសការជួយឧបត្ថម្ភផ្នែកហិរញ្ញវត្ថុ វ៉ាក់សាំង រថយន្តដឹកវ៉ាកសាំង និងឧបករណ៍វេជ្ជសាស្ត្រមួយចំនួន។ លោកបានបញ្ជាក់ថា ប្រទេសឡាវសូមគាំទ្រចំពោះតួនាទីរបស់ប្រទេសកម្ពុជាជាប្រធានអាស៊ាន។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានមានសេចក្តីសោមនស្សរីករាយ និងពេញចិត្តជាខ្លាំង ដោយបានមើលឃើញចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រជាជន និងប្រទេសទាំងពីរ មានការរីកចម្រើនជាបន្តបន្ទាប់ឥតឈប់ឈរលើគ្រប់វិស័យ ហើយទំនាក់ទំនងនេះត្រូវបានលើកកម្ពស់ ជាដៃគូយុទ្ធសាស្រ្ត គ្រប់ជ្រុងជ្រោយ និងយូរអង្វែង។

សម្តេចវិបុលសេនាភក្តីប្រមុខរដ្ឋស្តីទី មានជំនឿជឿជាក់ថា ក្នុងឋានៈជាឯកអគ្គរដ្ឋទូតឡាវប្រចាំកម្ពុជា លោក បូរកែវ ភូមិវង្សសៃ នឹងខិតខំពង្រឹងពង្រីកនូវចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំ ស៊ីជម្រៅបន្ថែមទៀតលើបញ្ហានយោបាយ សន្តិសុខ ការពារជាតិ អប់រំ សុខាភិបាល និងខិតខំជំរុញឱ្យមានការផ្លាស់ប្តូរពាណិជ្ជកម្ម សេដ្ឋកិច្ច វិនិយោគទេសចរណ៍ វប្បធម៌ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជនឱ្យកាន់តែ ទូលំទូលាយ ដើម្បីជាគុណប្រយោជន៍សម្រាប់ប្រទេស និងប្រជាជនទាំងពីរ។

សម្តេចវិបុលសេនាភក្តី បានបញ្ជាក់ថា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ក្រសួងស្ថាប័នជាតិនៃកម្ពុជា ត្រៀមខ្លួនជានិច្ចដើម្បីធ្វើកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធជាមួយនឹង លោកឯកអគ្គរដ្ឋទូត ក៏ដូចជាស្ថានទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រចាំកម្ពុជា ដើម្បីនាំមកនូវផលប្រយោជន៍សម្រាប់ប្រជាជន និងប្រទេសទាំងពីរ ទៅវិញទៅមក។

តាមរយៈលោក បូរកែវ ភូមិវង្សសៃ សម្តេចវិបុលសេនាភក្តីប្រមុខរដ្ឋស្តីទី បានផ្តាំផ្ញើនូវព្រះរាជបណ្តាំសួរសុខទុក្ខដោយសេចក្តីគោរព និងសេចក្តីនឹករលឹក ពីព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ និងថ្នាក់ដឹកនាំកំពូល ជាតិនៃកម្ពុជា ជូនចំពោះប្រធានរដ្ឋ និងថ្នាក់ដឹកនាំជាន់ខ្ពស់គ្រប់លំដាប់ថ្នាក់ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។

សម្តេចប្រមុខរដ្ឋស្តីទី បានប្រសិទ្ធពរជូនឯកអគ្គរដ្ឋទូតលោក បូរកែវ ភូមិវង្សសៃ សូមមានសុខភាពល្អ និងទទួលបានជោគជ័យ ក្នុងបេសកកម្មការ ទូតដ៏ឧត្តុង្គឧត្តម៕