(បាត់ដំបង)៖ លោក សុខ លូ ប្រធានគណៈកម្មាធិការសាខាសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង នារសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ បានចាត់ឱ្យតំណាងសាខា ដឹកនាំដោយលោក កង ប៊ន អនុប្រធានគណៈកម្មាធិការសាខា និងមានការចូលរួមពីលោកស្រី ព្រំ វណ្ណា, លោកស្រី ញឹក សាគន្ធ សមាជិកក្រុមប្រឹក្សាខេត្ត បានចុះសួរ សុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ចុះផ្តល់ជូនគ្រួសារប្រជាពលរដ្ឋឈ្មោះលោក ម៉ូវ មូល អាយុ៥០ឆ្នាំ មានកូនក្នុងបន្ទុកគ្រួសារចំនួន៥នាក់ ស្ថិតនៅភូមិព្រៃកូនសេក សង្កាត់អូចារក្រុបាត់ដំបង រងគ្រោះដោយអគ្គិភ័យឆេះផ្ទះកាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២កន្លងមក។

ក្នុងឱកាសនោះដែរ លោក កង ប៊ន ក៏បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងសំដែងនូវការសោកស្តាយពីសំណាក់លោក សុខ លូ ជាពិសេសសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ជួបការលំបាក អ្នកមានជំងឺ ចាស់
ជរា ស្រ្តីមេម៉ាយកូនច្រើនក្នុងបន្ទុក ជនងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ។

លោក កង ប៊ន ក៏បានចូលរួមសម្តែងការសោកស្តាយជាពន់ពេក ជាមួយក្រុមគ្រួសាររងគ្រោះទាំងអស់ ចំពោះឧប្បត្តិហេតុ មិននឹកស្មានដល់នេះ ដែលបានបំផ្លាញ លំនៅដ្ឋាន និងសម្ភារអស់គ្មានសល់។ លោក កង ប៊ន បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ ពីគ្រោះអគ្គីភ័យដែលអាចកើត មានគ្រប់ពេល ប្រសិនបើមានការធ្វេសប្រហែស។ ដូចនេះពេលមិននៅឬចាកចេញពីផ្ទះត្រូវបិទកុងតាក់ភ្លើងអគ្គិសនី ពន្លត់ភ្លើងចង្ក្រាន ហ្គាសពន្លត់ទៀន ធូប ជាមុនសិន ដើម្បីបង្ការ ក្រែងកើតមានមហន្តរាយផ្សេងៗ។

ជាមួយគ្នានោះដែរ លោកអនុប្រធានគណៈកម្មាធិការសាខា បានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ សូមលើកកំពស់ការថែទាំសុខភាពឱ្យបានល្អ រស់នៅត្រូវប្រកាន់ ខ្ជាប់អនាម័យ ស្អាត ៣យ៉ាង ជាពិសេស ត្រូវយកចិត្តទុកដាក់ អំពីសុវត្ថិភាពផ្ទាល់ខ្លួនជាប្រចាំ ដោយត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួន តាមវិធានការសុខាភិបាល «៣កុំ ៣ការពារ និង ១ចូលរួម» ដើម្បី ជៀសផុតពីការឆ្លងរាលដាលនៃជំងឺកូវីដ១៩ប ម្លែងថ្មី។

សូមបញ្ជាក់ថា អំណោយមនុស្សធម៌ ដែលផ្តល់ជូនរួមមាន៖ អង្ករ ៥០ គីឡូក្រាម, មី ២កេស, ត្រីខ ២យួរ , ទឹកត្រី ២យួរ ,ទឹកស៊ីអ៊ីវ ២យួរ, ជែលលាងដៃ១៦ដប សម្ភារៈផ្ទះបាយ២ឈុត និងថវិកា២០ម៉ឺនរៀល៕