(ភ្នំពេញ)៖ ថ្លែងក្នុងឱកាសអញ្ជើញទទួលស្វាគមន៍ និងសំណេះសំណាល ជាមួយប្រតិភូកងស្វ័យការពារជើងទឹកជប៉ុន នៅបញ្ជាការដ្ឋានកងទ័ពជើងរាម ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២នេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានបង្ហាញជំនឿយ៉ាងមុតមាំថា ភាគីជប៉ុន នឹងជំរុញផែនការកិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យយោធាជាមួយកម្ពុជា កាន់តែសកម្មថែមទៀត។

សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងដូចនេះថា «ខ្ញុំមានជំនឿជឿជាក់ថា តាមរយៈការបំពេញទស្សនកិច្ចចូលចតនាវាស្វ័យការពារជើងទឹកជប៉ុន នៅកំពង់ផែស្វយ័ត ក្រុងព្រះសីហនុនាពេលនេះ ភាគីជប៉ុននឹងជំរុញផែនការកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ជប៉ុន កាន់តែសកម្មថែមទៀត ដូចជាការផ្លាស់ប្តូរទស្សនកិច្ចនាយទាហានវ័យក្មេង និងនាយទាហានថ្នាក់ដឹកនាំជាន់ខ្ពស់, បណ្តុះបណ្តាលលើកកម្ពស់សមត្ថភាពជូនដល់កងទ័ពជើងគោកកម្ពុជាលើការងារមនុស្សធម៌ និងសង្គ្រោះគ្រោះមហន្តរាយ(HADR), ផ្តល់វគ្គសិក្សានាយទាហានសកម្ម បញ្ជាការសេនាធិការវិស្វកម្ម និងសុខាភិបាល»

សម្តេចពិជ័យសេនា បានបញ្ជាក់ទៀតថា កងស្វ័យការពារជើងទឹកជប៉ុន នឹងបង្កើនចំនួននាវាកងទ័ពស្វ័យការពារជើងទឹកចូលចតកំពង់ ផែស្វយ័តក្រុងព្រះសីហនុ កាន់តែច្រើន ដើម្បីហ្វឹកហ្វឺនរួមគ្នាលើកកម្ពស់សមត្ថភាព លើជំនាញជួយសង្គ្រោះគ្រោះមហន្តរាយ ប្រយុទ្ធប្រឆាំងភេរវកម្ម និងវិស័យមនុស្សធម៌។ ជាមួយគ្នានេះ ភាគីជប៉ុនពិតជានឹងបន្តជួយផ្តល់ឧបករណ៍ សម្ភារៈ មធ្យោបាយ និងធ្វើការហ្វឹកហ្វឺនជំនាញដល់កងរក្សាសន្តិភាពកម្ពុជា បំពេញបេសកកម្មរបស់អង្គការប្រជាជាតិ ទទួលបានជោគជ័យថ្មីៗថែមទៀត។

សូមបញ្ជាក់ដែរថា កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ កន្លងមក លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានបំពេញទស្សនកិច្ចនៅប្រទសជប៉ុន ក្រោមការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីភាគីជប៉ុន។ អំឡុងទស្សនកិច្ចនេះ លោកបានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Fumio Kishida នាយករដ្ឋមន្ត្រីជប៉ុន, លោក HAYASHI Yoshimasa រដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន, នាយឧត្តមសេនីយ៍ Yamazaki Koji អគ្គមេបញ្ជាការកងស្វ័យការពារជប៉ុន, នាយឧត្តមសេនីយ៍ Yoshida Yoshihide មេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន និងលោក Nobuo Kishi រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុនផងដែរ

ក្នុងឱកាសជួបជាមួយ នាយឧត្តមសេនីយ៍ YOSHIDA Yoshihide មេបញ្ជាការកងកម្លាំងស្វ័យការពារជើងគោកជប៉ុន, មេទ័ពជើងគោកកម្ពុជា-ជប៉ុន សន្យារួមគ្នាពង្រឹងទំនាក់ទំនងឲ្យកាន់តែស្អិតរមួតបន្ថែមទៀត ហើយគ្រោងធ្វើសមយុទ្ធជាមួយគ្នានាពេលខាងមុខ៕