(ភ្នំពេញ)៖ លោក ហែម ដារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ និងក្រុមការងារចុះជួយសង្កាត់ត្រពាំងក្រសាំង នាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២នេះ បានអញ្ញើញចុះទៅសួរសុខទុក្ខលោក ទូច សំ អាយុ៨៦ឆ្នាំ ជាមេភូមិត្រពាំងអញ្ចាញ ដែលកំពុងមានជំងឺជាទំងន់ ហើយសំរាកព្យាបាលនៅផ្ទះ។

លោកស្រី ទេព ចន្ថា អាយុ៥០ឆ្នាំ ត្រូវជាភរិយាលោក ទូច សំ បានឱ្យដឹងថា ប្តីរបស់គាត់មានជំងឺប្រចាំកាយ ថ្លើម និងតំរងនោមជាយូរមកហើយ ហើយក៏មានការព្យាបាលជាហូរហែរមកដែរ មិនដែលខកខានទេ តែប៉ុន្មានសប្តាហ៍មកនេះ ស្ថានភាពជំងឺរបស់គាត់បានចុះថមថយជាខ្លាំង ថ្នាំធ្លាប់ប្រើ ក៏ដាក់មិនត្រូវ ពិសេសទទួលទានអាហារមិនបាន បានធ្វើឱ្យស្ថានភាពជំងឺរបស់គាត់ កាន់តែដុនដាបជាបន្តបន្ទាប់។ រហូតមកដល់ថ្ងៃនេះ គាត់អត់ទទួលទានអាហារ រយៈពេល៥ថ្ងៃមកហើយ គឺបានតែទឹកបន្តិចបន្ទួចតែប៉ុណ្ណោះ។ ក្នុងស្ថានភាពបែបនេះ ក្រុមគ្រួសារមានការព្រួយបារម្ភជាខ្លាំង ហើយតែងគិតថា នេះប្រហែលជាពេលចុះក្រោយរបស់គាត់ហើយ។

ក្នុងនាមគណៈអភិបាលខណ្ឌ និងក្រុមការងារ លោក ហែម ដារិទ្ធិ បានសម្តែងក្តីអាណិតអាសូរចំពោះលោក ទូច សំ ដែលស្ទើរពេញមួយជីវិត ក្នុងនាទីជាប្រធានភូមិ លោកបានបម្រើប្រជាពលរដ្ឋបានល្អ មិនថាយប់ ឬថ្ងៃ គ្រប់កាលៈទេសៈ ដែលអាជ្ញាធរថ្នាក់សង្កាត់ខណ្ឌត្រូវការ គាត់តែងបំពេញការងារយ៉ាងសកម្ម មិនដែលឱ្យថ្នាក់ដឹកនាំ អាក់អន់ស្រពន់ចិត្តឡើយ ពិសេសការបំរើសេវាជូនប្រជាពលរដ្ឋ លោកបានបំពេញតួនាទីរបស់ខ្លួនបានល្អ ជាទីទំនុកចិត្តរបស់ប្រជាពលរដ្ឋ និងថ្នាក់ដឹកនាំ។

លោក ហែម ដារិទ្ធិ បានផ្តាំផ្ញើដល់លោកស្រីជាភរិយា ក៏ដូចជាកូនចៅក្រុមគ្រួសារទាំងអស់ សូមកុំទាន់អស់សង្ឃឹម ត្រូវព្យាយាមមើលថែទាំងគាត់បន្តទៀត ពិសេសការលួងលោមបញ្ចុកចំណីអាហារ និងការប្រើថ្នាំតាមវេជ្ជៈបញ្ជា ក្រែងជួយឱ្យជំងឺគាត់បានប្រសើឡើងវិញ។ ជាមួយនេះ សូមរក្សាអនាម័យ និងអនុវត្តវិធានការសុខាភិបាលឱ្យបានល្អ រួមគ្នាការពារ ពីការឆ្លងជំងឺកូវីដ១៩ ព្រោះថា ក្នុងស្ថានភាពបែបនេះ បើទទួលរងផលប៉ះពាល់ជំងឺកូវីដបន្ថែមទៀត ពិតជាពិបាកស្រោចស្រង់ណាស់។

ក្នុងឱកាសនោះ លោកអភិបាលខណ្ឌ និងក្រុមការងារ ចុះជួយសង្កាត់ត្រពាំងក្រសាំង បាននាំយកអំណោយ មានទឹកផ្លែឈើចំនួន២កេស ទឹកដោះគោឆៅ៧យូរ ផ្លែក្រូច១ឡូតិ៍ និងថវិកា១លានរៀល ឧបត្តម្ភដល់លោក ទូច សំ ផងដែរ គ្រាន់បានជួយសម្រួលលើការចំណាយផ្សេងៗ៕