(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា ប្រសិនបើជម្លោះរវាងអ៊ុយក្រែន-រុស្ស៊ី នៅតែបន្តអូសបន្លាយទៅមុខទៀត អាចនឹង ជះឥទ្ធិពលអវិជ្ជមានលើកំណើនសេដ្ឋកិច្ចសកល និងសេដ្ឋកិច្ចកម្ពុជា ហើយកម្ពុជាកំពុងតាមដាន ដើម្បីរៀបចំគោលនយោបាយ និងដាក់ចេញនូវវិធាន ការ អន្តរាគមន៍ចាំបាច់ឱ្យបានទាន់ពេល។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងបែបនេះ នៅក្នុងពិធីប្រគល់-ទទួលជាផ្លូវការនូវជំនួយវ៉ាក់សាំងកូវីដ-១៩ (AstraZeneca) ពីប្រជាជន និងរដ្ឋាភិបាលហុងគ្រី ជូនប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា នៅវិមានសន្តិភាព នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២នេះ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ដូចនេះថា «ភាពមិនប្រាកដប្រជានៅបន្តមានក្នុងកម្រិតគួរឱ្យបារម្ភ ដោយសារការកើតមានឡើងនូវ បញ្ហាប្រឈមនានា ផ្សេងទៀត ។ ជាក់ស្តែងជម្លោះរវាងអ៊ុយក្រែន-រុស្ស៊ី អាចនឹងជះឥទ្ធិពលអវិជ្ជមានមកលើ កំណើនសេដ្ឋកិច្ចសកល និងសេដ្ឋកិច្ចកម្ពុជា ប្រសិនបើជម្លោះនេះបន្តអូស បន្លាយទៅមុខ»

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា ចំពោះជម្លោះរវាងអ៊ុយក្រែន-រុស្ស៊ី កម្ពុជាបាននិងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះបញ្ហាប្រឈមទាំងនេះ ដើម្បីអាចរៀបចំគោលនយោបាយ និងដាក់ចេញនូវវិធានការអន្តរាគមន៍ចាំបាច់ ឱ្យបានទាន់ពេល។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ដែរថា ស្របពេលដែលមេរោគបំប្លែងខ្លួនថ្មីប្រភេទអូមីក្រុង (Omicron) នៅតែបង្កនូវហានិភ័យ និងមានភាពមិនប្រាកដប្រជា, រាជរដ្ឋាភិបាលកម្ពុជា បន្តផ្តល់អាទិភាពដល់យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដោយបានបើកយុទ្ធការជាតិចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៤ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ និងពង្រីកវិសាលភាពនៃការចាក់វ៉ាក់សាំងជូនដល់កុមារដែលមានអាយុចាប់ពី ៣ឆ្នាំ ដល់ក្រោម៥ឆ្នាំ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ ។ ក្នុងន័យនេះ អំណោយសប្បុរសធម៌ដ៏ថ្លៃថ្លាវ៉ាក់សាំងកូវីដ-១៩ ប្រភេទ AstraZeneca ពីសំណាក់ប្រជាជន និងរដ្ឋាភិបាលហុងគ្រីនាថ្ងៃនេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការបន្តប្រយុទ្ធនឹងជំងឺកូវីដ-១៩ នៅកម្ពុជា ។

សម្តេច ក៏បានបង្ហាញភាពជឿជាក់យ៉ាងមុតមាំថា ចំណងមិត្តភាពរវាងកម្ពុជា និងហុងគ្រី នឹងកាន់តែរឹងមាំថែមទៀត ហើយកម្ពុជាត្រៀមខ្លួនរួចជាស្រេច ក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធនាពេលអនាគតផងដែរ៕

សូមជម្រាបដែរថា រហូតមកដល់ពេលនេះ សង្គ្រាមនៅអ៊ុយក្រែន ដែលកើតឡើងដោយសារការវាយលុកពីសំណាក់កងទ័ពរុស្ស៉ី បានអូសអន្លាយរយៈពេល ២២ថ្ងៃហើយ គិតមកដល់ថ្ងៃនេះ៕