(កោះកុង)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានជំរុញសមត្ថកិច្ចជំនាញគ្រប់លំដាប់ថ្នាក់ត្រូវស្រាវជ្រាវ និងទប់ស្កាត់ចំពោះបញ្ហាគ្រឿងញៀន ឱ្យបានម៉ឺងម៉ាត់បំផុតកុំឱ្យក្រុម ឧក្រិដ្ឋជនគ្រឿងញៀន នាំចូល ឬផលិតក្នុងប្រទេសឱ្យសោះ ពីព្រោះប៉ុន្មានថ្ងៃនេះ សមត្ថកិច្ចបង្រ្កាបបានគ្រឿងញៀនជាច្រើនកញ្ចប់។

ការជំរុញបែបនេះរបស់សម្តេចពិជ័យសេនា ទៀ បាញ់ បានធ្វើឡើងនៅក្នុងពិធីបិទសន្និបាទបូកសរុបលទ្ធផលការងារ ឆ្នាំ២០២១ និងលើកទិសដៅការងារ ឆ្នាំ២០២២ របស់រដ្ឋបាលខេត្តកោះកុង នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២។

សម្តេចពិជ័យសេនា ទៀ បាញ់ បានគូសបញ្ជាក់ថា «ហេតុដូច្នេះ សមត្ថកិច្ចជំនាញទាំងអស់ត្រូវធ្វើការស៊ើបសង្កេតឱ្យស៊ីជម្រៅចំពោះបញ្ហានេះឱ្យម៉ងចត់កុំឱ្យមានឱ្យសោះ ពីព្រោះគ្រឿងញៀនវាធ្វើបាត់បង់ធនធានមនុស្ស ដល់យុវវ័យទៅថ្ងៃអនាគត»

សម្តេចពិជ័យ ទៀ បាញ់ បានបន្តថា ប្រទេសមានសន្តិភាពមានសេរីភាព ស្ថិតក្រោមការដឹកនាំដ៏ឈ្លាសវៃ និងគោលនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលសម្តេចបានខិតខំកកម្លាំងកាយ កម្លាំងចិត្ត ដើម្បីផ្តល់សន្តិភាពសេរីភាព និងអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានភាពរីកចម្រើគ្រប់វិស័យដែលធ្វើឱ្យមានភាពល្បីល្បាយលើឆាកអន្តរជាតិ ហើយអ្វីដែលសំខាន់សម្តេចតេជោ បានគិតគូរចំពោះបញ្ហាសុខភាពប្រជាពលរដ្ឋទូទាំង ប្រទេសដែលជាបញ្ហាប្រឈមជាងគឺហាបរិបទកូវីដ១៩ សម្តេចបានស្វែងរកវ៉ាក់សាំង ដើម្បីចាក់ជូនប្រជាពលរដ្ឋទាំងកុមារ ទាំងមនុស្សចាស់ជរាឱ្យបានគ្រប់ៗគ្នា។

ក្នុងពិធីបិទសន្និបាតនេះ សម្តេចពិជ័យ ទៀ បាញ់ ក៏បានកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំមន្ត្រីរាជការបុគ្គលិក កងកម្លាំងមានសមត្ថកិច្ចនានា និងក្រុមការងារចុះមូលដ្ឋានគ្រប់លំដាប់ថ្នាក់នៃខេត្តកោះកុង ដែលបានខិតខំប្រឹងប្រែងរួមគ្នាយ៉ាងសកម្មក្នុងការបំពេញតួនាទី ភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីសម្រេចបាននៅសមិទ្ធផល ក្នុងការធានាថែរក្សាសុខសន្តិភាពស្ថិរភាពនយោបាយ ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈការលើកកម្ពស់ លទ្ធិប្រជាធិបតេយ្យ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលសំដៅលើកម្ពស់ជីវភាពរស់នៅ និងបន្តការកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន និងចូលរួមទប់ស្កាត់ជំងឺកូវិដ១៩ ក្នុងការផ្សព្វផ្សាយបានយ៉ាងទូលំទូលាយនូវវិធានការរបស់រាជរដ្ឋាភិបាល «៣កុំ និង៣ការពារ»។

សម្តេចក៏បានកោតសសើរចំពោះចំពោះថ្នាក់ដឹកនាំក្នុងខេត្តកោះកុង ទោះបីប្រទេសជាតិស្ថិតក្នុងបរិបទកូវីដ១៩ យ៉ាងណាក៏ដោយ ក៏អាជ្ញាធរគ្រប់មូលដ្ឋានទាំងអស់ នៅតែអភិវឌ្ឍរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងការពារសន្តិសុខសុវត្ថិភាព បានល្អគ្រប់មូលដ្ឋានក្នុងទឹកដីខេត្តកោះកុងជានិច្ច៕