(កំពង់ធំ)៖ លោក ខាន់ ខុន ទីប្រឹក្សាក្រសួងធម្មការ និងសាសនា និងឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ នារសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ បានប្រគល់ទទួលអណ្ដូងស្នប់ចំនួន២អណ្ដូង ជូនក្រុមគ្រួសារអតីតយុទ្ធជនចំនួន៨គ្រួសារ ដែលជាដៃគូរសម្ព័នត្រីភាពជាមួយអង្គភាពបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នៅលើដីសម្បទានសង្គមកិច្ច ស្ថិតនៅឃុំក្រយា ស្រុកសន្ទុក។

នាឱកាសនោះលោក ខាន់ ខុន បានថ្លែងថា ដោយមានការស្នើសុំពីលោកវរសេនីយ៍ទោ សោម ស៊ុនធារ៉ា នាយសេនាធិការរង នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដើម្បីជួយឧបត្ថម្ភអណ្ដូងទឹកចំនួន២អណ្តូង ជូនបងប្អូនអតីតយុទ្ធជនចំនួន៨គ្រួសារ ដែលកំពុងរស់នៅលើដីសម្បទានសង្គមកិច្ច ហើយមានការខ្វះខាតទឹកស្អាតសម្រាប់ប្រើប្រាស់។

លោកបានបញ្ជាក់ទៀតថា អណ្ដូងនេះ គឺជាការជួយឧបត្ថម្ភដោយឥតគិតថ្លៃរបស់សមាគមបេសកកម្មដំណឹងល្អ ដែលមានតម្លៃគិតជាទឹកប្រាក់ក្នុងមួយអណ្តូងតម្លៃ ២,០០០ដុល្លារ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះ ខាន់ ខុន និងសហការី នៃសមាគមបេសកម្មដំណឹងល្អ ដែលបានជួយដោះស្រាយការលំបាកខ្វះខាតក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូន អតីតយុទ្ធជន ដែលជាដៃគូសម្ព័ន្ធមេត្រីភាពជាមួយអង្គភាពបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នៅពេលនេះ។

បន្ថែមពីនេះឧត្តមសេនីយ៍ទោ សោម ស៊ុន បានផ្តាំផ្ញើដល់ក្រុមគ្រួសារអតីតយុទ្ធជនដែលរួមចំណែកក្នុងការប្រើប្រាស់អណ្ដូងនេះត្រូវចេះរួមគ្នាថែរក្សាអណ្ដូងទឹកនេះដើម្បីជាប្រយោជន៍ សម្រាប់បងប្អូនទាំងអស់គ្នាប្រើប្រាស់ បានយូរអង្វែងតទៅ។

សូមបញ្ជាក់ថា អតីតយុទ្ធជនចំនួន៨គ្រួសារ ដែលជាដៃគូជាមួយនឹងបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានទទួលអណ្ដូងស្នប់ចំនួន៣អណ្ដូងហើយទី១៖ អណ្ដូងស្នប់អំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតតាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ ហើយនៅពេលនេះបានទទួលអណ្តូងចំនួន២អណ្ដូងថែមទៀត ដែលជាអំណោយរបស់លោក ខាន់ ខុន ទីប្រឹក្សាក្រសួងធម្មការ និងសាសនាផងដែរ៕