(ព្រះវិហារ)៖ លោក សំ លាងទ្រី សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តព្រះវិហារ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកសង្គមថ្មី បានជំរុញដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកាបក្សទាំងអស់ទូទាំងស្រុកសង្គមថ្មី ត្រូវបន្តអនុវត្តគោលនយោបាយរបស់គណបក្ស ឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ដើម្បីឈានទៅរកជ័យជម្នះ បន្តនាពេលខាងមុខ ជាពិសេសនៅក្នុងការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណ្ណតិទី៥ ឆ្នាំ២០២២នេះ។

ការជំរុញបែបនេះរបស់លោក សំ លាងទ្រី បានធ្វើឡើងក្នុងឱកាសលោករួមជាមួយលោក ទែន សារ៉ុម សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត, លោក គង់ វិបុល សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត និងក្រុមការងារថ្នាក់ខេត្ត ថ្នាក់ស្រុក ថ្នាក់ឃុំ ចុះជួយមូលដ្ឋានស្រុកសង្គមថ្មី និងឃុំទាំង០៥ របស់ស្រុកសង្គមថ្មី បានជួបសំណេះសំណាលជាមួយសាខាបក្សទាំង២៤ភូមិ ក្នុងឃុំ០៥ របស់ស្រុកសង្គមថ្មី នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២នេះ។

នៅក្នុងឱកាសនេះ លោក សំ លាងទ្រី បានផ្តាំផ្ញើសាកសួរសុខទុក្ខពីលោក មាស សុភា សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះមូលដ្ឋានខេត្តព្រះវិហារ និងលោក ប្រាក់ សុវណ្ណ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានកណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តព្រះវិហារ លោក ចាន់ នន់វិទ្យា ប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុកសង្គមថ្មី ក៏ដូចជាថ្នាក់ដឹកនាំគបក្សខេត្តជាច្រើនរូបទៀត ដែលជានិច្ចជាកាលតែងយកចិត្តទុកដាក់គិតគូរ ពីសុខទុក្ខ និងជីវភាពរស់នៅរបស់សមាជិក សមាជិកា បក្សយើងក្រប់ៗរូប។

លោក សំ លាងទ្រី ក៏បានថ្លែងលើកឡើងពីភាពជោគជ័យសំខាន់ៗ ដែលរាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជាសម្រេចបានសមិទ្ធផលយ៉ាងធំធេងមួយចំនួនរួមមាន៖ ការតស៊ូរំដោះជាតិ, ការចងចាំស្មារតី ៧ មករា, ការកសាង និងការពារប្រទេស, ការដឹកនាំប្រទេសឱ្យមានសុខសន្តិភាព និងស្ថិរភាពនយោបាយពេញលេញ, ដឹកនាំយុទ្ធសាស្រ្តច្បាស់លាស់ប្រយុទ្ធប្រឆាំងទប់ស្កាត់ជំងឺកូវីដ១៩ បានល្អ, ឧបត្ថម្ភសាច់ប្រាក់ដល់ជនងាយរងគ្រោះ ក្នុងពេលកើតមានជំងឺកូវីដ១៩ និងការបើកប្រទេសឈានទៅការអភិវឌ្ឍសេដ្ឋកិច្ចរឹងមាំ ជួយបង្កើនចំណូលគ្រួសារ និងសង្គមជាតិ៕