(ព្រះសីហនុ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២នេះ បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការទីបញ្ជាការជួរមុខគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ និងសំណេះសំណាលជាមួយនាយនាវី នាយនាវីរង និងពលនាវី នៅបញ្ជាការដ្ឋានកងទ័ពជើងទឹក កោះព្រាប ខេត្តព្រះសីហនុ។

ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក វ៉ា គឹមហុង ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែន, នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការក្រសួងការពារជាតិ ព្រមទាំងថ្នាក់អគ្គមេបញ្ជាការ និងថ្នាក់ដឹកនាំអង្គភាពចំណុះក្រសួងការពារជាតិយ៉ាងច្រើនផងដែរ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងថា នេះគឺជាសមិទ្ធផលថ្មីមួយ សម្រាប់ធានានិរន្តភាពការងាររដ្ឋបាលប្រចាំថ្ងៃ ក្នុងការទទួលរ៉ាប់រងការងារថែរក្សាការពារបូរណភាពទឹកដីលើដែនសមុទ្រ៕