(ភ្នំពេញ)៖ ការផ្សព្វផ្សាយវគ្គបណ្តុះបណ្តាលស្តីពី «នីតិវិធីប្រតិបត្តិស្តង់ដារសម្រាប់ការស៊ើបអង្កេតសំអាង នៃបទល្មើស និងបទល្មើសសម្អាតប្រាក់» បានធ្វើឡើងជា៥វគ្គ ចាប់តាំងពីថ្ងៃទី១៣ រហូតដល់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរង និងជាប្រធានក្រុមការងារប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម (ប.ប.ហភ) និងមានការចូលរួមពី នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ និងជាអនុប្រធានក្រុមការងារ ប.ប.ហភ។

ការផ្សព្វផ្សាយវគ្គបណ្តុះបណ្តាល «នីតិវិធីប្រតិបត្តិស្តង់ដារ សម្រាប់ការស៊ើបអង្កេតសំអាង នៃបទល្មើស និងបទល្មើសសម្អាតប្រាក់» ត្រូវបានធ្វើជា៥វគ្គ ដូចខាងក្រោម៖

* វគ្គទី១ បានផ្សព្វផ្សាយនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២ នៅនាយកដ្ឋានកណ្តាលសន្តិសុខ ដែលមានសិក្ខាកាមចូលរួមសរុប ៣១នាក់
* វគ្គទី២ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ តាមប្រព័ន្ធ ZOOM ដែលមានសិក្ខាកាមចូលរួមពីបណ្តានាយកដ្ឋានជំនាញ និងស្នងការរាជធានីខេត្តទាំង២៥ សរុប៣៣នាក់
* វគ្គទី៣ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ នៅសាលប្រជុំមន្ទីរគ្រឿងញៀន ដែលមានសិក្ខាកាមចូលរួមសរុប៤២នាក់
* វគ្គទី៤ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ នៅសាលប្រជុំនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដែលមានសិក្ខាកាមចូលរួមសរុប ៤២នាក់
* វគ្គទី៥ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ នៅសាលប្រជុំនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដែលមានសិក្ខាកាមចូលរួមសរុប ៣៥នាក់។

ក្រោយបញ្ចប់ការផ្សព្វផ្សាយជូននាយកដ្ឋានជំនាញ និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ហើយបន្ទាប់មកថ្នាក់ដឹកនាំនៃស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត នឹងបន្តធ្វើការផ្សព្វផ្សាយជូនមន្រ្តីនគរបាលរបស់ខ្លួនបន្តទៀត។

ការផ្សព្វផ្សាយវគ្គបណ្តុះបណ្តាលនេះ មានគោលបំណងដើម្បីធានាបាននូវស្តង់ដារប្រតិបត្តិរួមមួយ សម្រាប់មន្ត្រីនគរបាលយុត្តិធម៌គ្រប់អង្គភាពពាក់ព័ន្ធទាំងអស់ ដើម្បីយកទៅអនុវត្តក្នុងការស៊ើបអង្កេតបទល្មើសសម្អាតប្រាក់ និងដើម្បីធានាបាននូវគុណភាព ប្រកបដោយប្រសិទ្ធិភាពខ្ពស់លើការងារប្រឆាំងការសម្អាតប្រាក់ ក្នុងការឆ្លើយតបតាមលក្ខខណ្ឌរបស់ក្រុមប្រទេសអាស៊ីប៉ាស៊ីហ្វិក (APG) ដើម្បីឲ្យប្រទេសកម្ពុជារួចផុតពីបញ្ជីប្រផេះ ឬមិនធ្លាក់ចូលក្នុងបញ្ជីខ្មៅរបស់ក្រុមការងារហិរញ្ញវត្ថុ (FATF)។

ខ្លឹមសារនៃនីតិវិធីប្រតិបត្តិស្តង់ដារនេះ ផ្តោតសំខាន់ៗទៅលើចំណុចដូចខាងក្រោម៖

ក.ការយល់ដឹងពីប្រភពនៃសំអាងនៃបទល្មើស៖ មន្រ្តីនគរបាលយុត្តិធម៌ ត្រូវយល់ដឹងពីប្រភពនៃបទល្មើសដែលបង្កើតឱ្យមានជាផលនៃបទល្មើស ដើម្បីអោយមន្រ្តីនគរបាលយុត្តិធម៌ មានមូលដ្ឋានក្នុងការស៊ើបអង្កេតបទល្មើសសម្អាតប្រាក់។

ខ.លក្ខខណ្ឌផ្តើមការស៊ើបអង្កេតបទល្មើសសម្អាតប្រាក់៖ មន្រ្តីនគរបាលយុត្តិធម៌ ត្រូវវិភាគ វាយតម្លៃសញ្ញាណនៃបទល្មើសសម្អាតប្រាក់តាមរយៈសំអាងនៃបទល្មើសនៃប្រភពនៃបទល្មើសខាងលើ ដោយតម្រូវអោយមានការស្រាវជ្រាវទ្រព្យសម្បត្តិមុនប្រតិបត្តិការ និងការកំណត់ទ្រព្យសម្បត្តិជាដើម។

គ.បច្ចេកទេសក្នុងការស៊ើបអង្កេតបទល្មើសសម្អាតប្រាក់៖ មន្រ្តីនគរបាលយុត្តិធម៌ ត្រូវយល់ដឹងពីបច្ចេកទេសនៃការស៊ើបអង្កេត ដែលរួមមាន ការស៊ើបអង្កេតទៅលើបុគ្គលសង្ស័យទទួលផលនៃបទល្មើស ការកំណត់ផលនៃបទល្មើស ការកំណត់អំពីទ្រព្យសម្បត្តិ និងបច្ចេកទេសនានាក្នុងការទទួលបានព័ត៌មានក្នុងការគាំទ្រនូវការស៊ើបអង្កេតទាំងនោះ។

ឃ.ចំណាត់ការលើទ្រព្យសម្បត្តិរបស់បុគ្គលសង្ស័យ៖ មន្រ្តីនគរបាលយុត្តិធម៌ បន្ទាប់ពីបានកំណត់ទ្រព្យសម្បត្តិរបស់បុគ្គលសង្ស័យ ត្រូវមានវិធានការបន្ទាន់ផ្សេងៗក្នុងការធ្វើចំណាត់ការលើទ្រព្យសម្បត្តិទាំងនោះ ដូចជា ការចាប់យកវត្ថុតាង, ការផ្អាកប្រតិបត្តិការគណនីដោយអង្គភាពស៊ើបការហិរញ្ញវត្ថុកម្ពុជាជាដើម។

ង.ការកសាងសំណុំរឿង៖ បន្ទាប់ពីប្រមូលព័ត៌មានដែលអាចមានមូលដ្ឋានក្នុងវាយតម្លៃបទល្មើសសម្អាតប្រាក់ មន្រ្តីនគរបាលយុត្តិធម៌ ត្រូវធ្វើរបាយការណ៍សំយោគបញ្ជូនសំណុំរឿងទៅតុលាការ។ ក្នុងករណីមន្រ្តីនគរបាលយុត្តិធម៌ មិនទាន់អាចប្រមូលព័ត៌មានបានគ្រប់គ្រាន់ មន្រ្តីនគរបាលយុត្តិធម៌ អាចភ្ជាប់នូវសំណូមពរបន្ថែមជាមួយរបាយការណ៍សំយោគទៅអយ្យការ ដើម្បីចេញដីកាសម្រេចឃាត់ទុកទ្រព្យសម្បត្តិជាបណ្តោះអាសន្ន នូវទ្រព្យសម្បត្តិដែលសង្ស័យថាជាផលនៃបទល្មើសជាដើម។

ដោយឡែកចំពោះការផ្សព្វផ្សាយវគ្គបណ្តុះបណ្តាលនេះ ក្រុមការងារកំពុងរៀបចំផែនការផ្សព្វផ្សាយបន្តទៅដល់មន្រ្តីអនុវត្តផ្សេងៗទៀត ដែលឋិតនៅក្រោមចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ៕