(ភ្នំពេញ)៖ កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន «ក៩» ដឹកនាំដោយលោកឧត្ដមសេនីយ៍ត្រី យិន បញ្ញារិទ្ធ, លោកវរសេនីយ៍ឯក ដុសវណ្ណា សុវឌ្ឍន: នាយករងមន្ទីរ និងលោក ឌុក មករា នាយការិយាល័យ ក្រោមការចូលរួមសហការពីនាយកដ្ឋានស៊ើបការខាងក្រៅ និងបច្ចេកទេស កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងខេត្តកណ្តាល បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀននៅ២គោលដៅផ្សេងគ្នា នៅខណ្ឌដង្កោ និងក្រុងតាខ្មៅ ខេត្តកណ្តាល ដោយចាប់ជន សង្ស័យចំនួន២នាក់ និងដកហូតថ្នាំញៀនជាង២០គីឡូក្រាម។

ប្រតិបត្តិការនេះ បានធ្វើឡើងក្រោមបទបញ្ជាផ្ទាល់ពីនាយឧត្ដមសេនិយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន និងលោកឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន ព្រមការសម្របសម្រួលពីលោក ស៊ិត វណ្ណ: ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំរាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២។

យោងតាមរបាយការណ៍របស់មន្ទីរប្រឆាំងគ្រឿងញៀន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២នេះ បានឲ្យដឹងថា សម្រាប់គោលដៅទី១ នៅចំណុចផ្លូវបេតុង បុរីចំការដូង ផ្ទះលេខF៣០ ខណ្ឌដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយឃាត់ខ្លួនជនសង្ស័យ២នាក់ និងសាតុធាតុញៀនជាង២០គីឡូក្រាម រួចឈានទៅឆែកឆេរលំនៅឋាន។

គោលដៅទី២ បានឆែកលំនៅដ្ឋាន ចំណុចផ្លូវបេតុង ផ្ទះលេខ៥៩៤ ក្រុមទី១៧ ភូមិព្រែករំាង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ឃាត់ខ្លួនស្រ្តីម្នាក់ និងដកហូតអាវុធខ្លី១ដើម។

ជនសង្ស័យ៣នាក់រួមមាន៖

*ទី១៖ ឈ្មោះ វ៉ា ម៉េងហុង អាយុ៣០ឆ្នាំ
*ទី២៖ ឈ្មោះ ហ៊ីម ឆេងហួរសុដាវី ភេទស្រី អាយុ២០ឆ្នាំ
*ទី៣៖ ឈ្មោះ គង់ សុគន្ធារី ភេទស្រី អាយុ៣៧ឆ្នាំ។ ក្រោយការចាប់ខ្លួន កម្លាំងនគរបាល បានដកហូតគ្រឿងញៀនប្រភេទហេរ៉ូអ៊ីន (HEROIN) ចំនួន៦០ដុំ ស្មើទម្ងន់សុទ្ធ២១ គ.ក្រ ១៧៥.០៩ក្រាម, អាវុធខ្លី១ដើម ម៉ាកឡុក១៩
និងមធ្យោបាយធ្វើសកម្មភាពរថយន្តម៉ាកព្រូស១គ្រឿង។

បច្ចុប្បន្នជនសង្ស័យ ព្រមទាំងវត្ថុតាងខាងលើ បានកសាងសំណុំរឿងបញ្ជូនសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕